ព័ត៌មានជាតិ

អាវុធហត្ថរាជធានីភ្នំពេញ បញ្ជូនជនសង្ស័យ៣នាក់ទៅតុលាការ ពាក់ព័ន្ធករណីគ្រឿងញៀន

ភ្នំពេញ: នៅរសៀលថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២០ សមត្ថកិច្ចជំនាញការិយាល័យបង្រ្កាបបទល្មើសគ្រឿងញៀន នៃកងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបញ្ជូនជនសង្ស័យ០៣នាក់ទៅតុលាការ ពាក់ព័ន្ធករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀនដោយខុសច្បាប់ បន្ទាប់ពីបង្ក្រាបបានជាបន្តបន្ទាប់។
ជនសង្ស័យទាំង០៣មានឈ្មោះ ៖
១- ឈ្មោះ គីម ហ័រ ភេទស្រី អាយុ២០ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត នៅភូមិស្លា ឃុំស្លា ស្រុកសំរោង ខេត្តតាកែវ។
២-ឈ្មោះ សាន រីឆាត ភេទប្រុស អាយុ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ ស្នាក់នៅមិនពិតប្រាកដ មានស្រុកកំណើត នៅរាជធានីភ្នំពេញ។
៣-ឈ្មោះ ឡុង ភក្តី ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរជាងតុទូ ស្នាក់នៅបន្ទប់ជួលលេខ៨ផ្លូវ១០៣ ភូមិ៤ក្រុម២៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន មានស្រុកកំណើត នៅស្រុកត្រាំកក់ ខេត្តកំពត។
ចាប់យកវត្ថុតាងសរុបរួមមាន ៖
-ក្រាមពណ៌សថ្លា ចំនួន០៣កញ្ចប់ (២កញ្ចប់ធំល្មម និង ធំ១កញ្ចប់)
-ថង់សម្រាប់ច្រកគ្រឿងញៀនមួយចំនួន
-សម្ភារ:សម្រាប់សេពគ្រឿងញៀនមួយចំនួន
សមត្ថកិច្ចជំនាញការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន នៃ កងរាជអាវុធហត្ថរាជធានីភ្នំពេញបានឲ្យដឹងថា ប្រតិបត្តិការបង្ក្រាបនេះធ្វើឡើងកាលពីវេលាម៉ោង១០និង១០នាទី ថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២០ ដោយកម្លាំងជំនាញមូលដ្ឋានអាវុធហត្ថទួលគោក ក្នុងនោះ ឃាត់ខ្លួនបានជនសង្ស័យ០២នាក់ ស្រី០១នាក់ នៅចំណុចផ្លូវ១៦០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក បន្ទាប់មកនៅវេលាម៉ោង១១និង៤៥នាទី ថ្ងៃដដែល បន្តទៅឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតនៅចំណុច បន្ទប់ជួលលេខ៨ ផ្ទះលេខ៤៨ ផ្លូវ១០៣ ភូមិ៤ ក្រុម២៥ សង្កាត់ផ្សារដើមថ្កូវ ខណ្ឌចម្ការមន តាមការចង្អុលបង្ហាញពីជនសង្ស័យឈ្មោះ គីម ហ័រ ដោយមានការចូលរួមសហការពីការិយាល័យបង្ក្រាបបទល្មើសគ្រឿងញៀន និងកម្លាំងអាវុធហត្ថខណ្ឌចម្ការមនផងដែរ៕

 

មតិយោបល់