ព័ត៌មានជាតិ

ជនជាតិចិន បើករថយន្តលុចស៊ីស RX300 បំពានភ្លើងស្តុប ត្រូវរថយន្ត Mercedes បុកក្រឡាប់ផ្ងារជើងខ្ទាតទៅបុកម៉ូតូ របួសបាក់ជើងប្រុសស្រី ២នាក់

ភ្នំពេញៈ ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងរថយន្តពីរគ្រឿង បុកគ្នាពេញទំហឹង រួចខ្ទាតទៅប៉ះម៉ូតូ បណ្តាលឲ្យបងប្អូនប្រុសស្រី ២នាក់ រងរបួសបាក់ទាំងពីរនាក់។

ហេតុការណ៍នេះ កើតឡើងកាលពីវេលាម៉ោង ១០យប់ថ្ងៃទី២ ខែសីហា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយមហាវិថីព្រះនរោត្ដម កែងនឹងផ្លូវ២១៤ ត្រង់ចំណុចស្តុបវិទ្យាល័យចតុមុខ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះទី១ ឈ្មោះ ប្រាង សុផានុ អាយុ ១៧ឆ្នាំ ភេទប្រុស មុខរបរសិស្ស និងទី២ឈ្មោះ ប្រាង សុគន្ធថង ភេទស្រី អាយុ ២៤ឆ្នាំ ទាំងពីរនាក់ ស្នាក់នៅភូមិតាង៉ូវ សង្កាត់និរោធ ខណ្ឌច្បារអំពៅ ពួកគេជិះម៉ូតូមួយគ្រឿង ម៉ាក suzukiSmashRevo ពណ៌ខ្មៅ ពាក់ផ្លាក កណ្តាល1G-6270។

ដំណើររឿង៖ មុនកើតហេតុ គេឃើញម៉ូតូ ធ្វើដំណើរជើងទៅត្បូងតាមបណ្ដោយមហាវិថីព្រះនរោត្ដម មកដល់ចំណុចកើតហេតុ ក៏ឈប់ម៉ូតូរង់ចាំភ្លើងស្តុប។ ពេលនោះ ស្រាប់តែមានរថយន្ត១គ្រឿង ម៉ាកលុចស៊ី RX300 ពណ៌ទឹកប្រាក់ ពាក់ផ្លាកលេខ ភ្នំពេញ 2AL-9881 រួមដំណើរដោយជនជាតិចិនមានគ្នា៤ នាក់ ធ្វើដំណើរពីត្បូងទៅជើង តាមបណ្ដោយមហាវិថីព្រះនរោត្ដម ក្នុងល្បឿនយ៉ាងលឿនបំពានភ្លើងស្តុប បានបុករថយន្តមួយគ្រឿង ម៉ាក MercedesVLA250 ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX-0088 បណ្តាលឲ្យរថយន្តលុចស៊ី ក្រឡាប់ផ្ងារជើងរងការខូចខាត រួចខ្ទាតទៅបុកផ្ទប់ម៉ូតូ រងគ្រោះដែលកំពុងឈប់រ់ងចាំភ្លើងស្តុប បណ្តាលឲ្យរបួសយុវជនឈ្មោះ ប្រាង សុផានុ បាក់ជើងខាងឆ្វេង និងនារីម្នាក់ទៀតរបួសបាក់ជើងខាងស្ដាំ ចំណែកម៉ូតូខូចខាតតិចតួចប៉ុណ្ណោះ ដោយទ្បែករថយន្ត Mercedesវិញ ខូចខាតមួយកំណាត់មុខទាំងស្រុង។

ភ្លាមៗនោះ ជនរងគ្រោះ ត្រូវបានរថយន្តសង្គ្រោះគ្លីនិក មកដឹកទៅព្យាបាលរបួសផងដែរ។

ក្រោយកើតហេតុ ដោយសារភាគីរថយន្តទាំងសងខាង ចរចាដោះស្រាយមិនត្រូវ ទើបសមត្ថកិច្ច ធ្វើការវាស់វែង យកទៅរក្សាទុកនៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ដើម្បីដោះស្រាយតាមនិតីវិធីច្បាប់៕

មតិយោបល់