ព័ត៌មានជាតិ

រថយន្តចំនួន២ គ្រឿង បើកបត់ជ្រុលបុកកៀរគាបជាប់គ្នា រងខូចខាត និងបង្កការស្ទះចរាចរណ៍

ភ្នំពេញៈ រថយន្តចំនួន២គ្រឿង អ្នកបើកបរខ្វះការយោគយល់ ដណ្តើមបត់ឆ្លងផ្លូវមុនគ្នា បណ្តាលឲ្យបុកគាបជាប់គ្នា រងការខូចខាត ដោយរថយន្តឆ្លាមខ្ទេចមួយចំហៀងផ្នែកខាងមុខ លើកំណាត់ផ្លូវជាតិ បង្កឲ្យកកស្ទះចរាចរណ៍។

ហេតុការណ៍នេះ កើតទ្បើងកាលពីវេលាម៉ោង ៤រសៀល ថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ៣ មុខក្លោងទ្វារវត្តព្រៃស្ពឺ ភូមិស្រែជម្រៅ សង្កាត់ចោមចៅ២ ខណ្ឌពោធិសែនជ័យ ។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ភាគីរថយន្តធន់ធំ ម៉ាក ISUZU ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-2356 សណ្តោងទ្រុងបែន បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣ ពីជើងទៅត្បូង លុះដល់ចំណុចកើតហេតុ បានបត់ឆ្លងផ្លូវ ក្នុងបំណងត្រឡប់ក្រោយ ស្របពេលនោះ ស្រាប់តែភាគីរថយន្ត ម៉ាកកាមរីឆ្លាម ពណ៌ស្ករ ពាក់ផ្លាកលេខ ភ្នំពេញ 2M-9962 ដែលបើកស្របទិស នៅខាងឆ្វេងដៃ បានបើកឆ្លងផ្លូវដែរ ក្នុងបំណងចូលផ្លូវបេតុងក្លោងទ្វារវត្តព្រៃស្ពឺ តែមិនផុតទើប បណ្តាលឲ្យបុកកៀរគាបជាប់គ្នា រងការខូចខាត ចំហៀងខាងស្តាំ ផ្នែកខាងមុខនៅកណ្តាលផ្លូវ ធ្វើឲ្យកំណាត់ផ្លូវជាតិលេខ៣ ត្រង់ចំណុចខាងលើ កកស្ទះចរាចរ ។

តាមសម្តីអ្នកបើកបររថយន្តធំ បានឲ្យដឹងថា គាត់បើកបត់មុន ហើយទើបរថយន្តឆ្លាម ឆ្លងមកតាមក្រោយ បណ្តាលឲ្យប៉ះគាបគ្នា ។

តែបើតាមសម្តីអ្នកបើកបររថយន្តកាមរីឆ្លាមវិញ បានឲ្យដឹងថា គាត់បើកឆ្លងមកមុន ទើបរថយន្តធំឆ្លងបត់មកតាមក្រោយ បណ្តាលឲ្យបុកគ្នា ។

ក្រោយកើតហេតុ ឃើញវត្តមានសមត្ថកិច្ចមូលដ្ឋានចុះទៅ សម្រួលចរាចរណ៍ រួមជាមួយកម្លាំងប្រជាការពារ និងបាញ់ថ្នាំចំណាំទុក ដើម្បីយករថយន្តទាំង២គ្រឿង ដាក់កៀនខាងសិន ដើម្បីសម្រួលចរាចរណ៍ឲ្យប្រសើរឡើងវិញ និងប្រគល់តួនាទីជូនសមត្ថកិច្ចជំនាញ ចុះពិនិត្យ វាស់វែងយករថយន្តសងខាង ទៅរក្សាទុកជាបណ្តោះអាសន្ន រង់ចាំដោះស្រាយពេលក្រោយ ៕

មតិយោបល់