ព័ត៌មានជាតិ

ឃាត់ខ្លួនជនសង្ស័យប្រុសស្រី៣នាក់ ជាមុខសញ្ញាដ៏សកម្មប្រព្រឹត្តអំពើលួច និងរក្សាទុកផលចោរកម្ម

សៀមរាបៈ នៅថ្ងៃព្រហស្បតិ៍ ២រោច ខែស្រាពណ៍ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ត្រូវនឹងថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ ក្រោមការដឹកនាំរបស់លោកឧត្ដមសេនីយ៍ទោ ទិត្យ ណារ៉ុង ស្នងការនគរបាលខេត្តសៀមរាប និងការសម្របសម្រួលបញ្ជានីតិវិធីផ្ទាល់ ដោយលោកឧត្ដមសេនីយ៍ត្រី ភឹង ចិន្តារ៉េត ស្នងការរងនិងជាប្រធានផែនទទួលការងារព្រហ្មទណ្ឌ, កម្លាំងអធិការដ្ឋាននគរបាលក្រុងសៀមរាប និងប៉ុស្ដិ៍នគរបាលរដ្ឋបាលស្លក្រាម ស្វាយដង្គំ សហការជាមួយកម្លាំងជំនាញនគរបាលព្រហ្មទណ្ឌកំរិតធ្ងន់កម្លាំងការិយាល័យប្រឆាំងបទល្មើស គ្រឿងញៀនធ្វើការស្រាវជ្រាវ តាមចាប់មុខសញ្ញាដ៏សកម្មប្រព្រឹត្តអំពើលួច ដោយមានស្ថានទម្ងន់ទោស (កាត់សោផ្ទះចូលយកសម្ភារៈ) ពេលរាត្រីនៅក្នុងក្រុងសៀមរាប ជាលទ្ធផលបានធ្វើការឃាត់ជនសង្ស័យ ដែលប្រព្រឹត្តបទល្មើសជាក់ស្ដែងបានចំនួន៣នាក់ យកមកសាកសួរ៖

១-ឈ្មោះ រី ភ្លី ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរមិនពិតប្រាកដ,២-ឈ្មោះ ម៉ាត់ សាលី ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរមិនពិតប្រាកដ។ អ្នកទាំងពីររស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀបរាម ពីបទលួចដោយមានស្ថានទម្ងន់ទោស (គាស់ទំលុះទម្លាយ) និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ,៣-ឈ្មោះ សេន តាំ ភេទស្រី អាយុ៦៦ឆ្នាំ មុខរបរលក់ដូរ រស់នៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម ក្រុង/ខេត្តសៀបរាម ពីបទរក្សាទុកផលចោរកម្ម កាលពីវេលាម៉ោង១២និង៣០នាទីយប់ឈានចូលថ្ងៃទី០៦ ខែសីហាឆ្នាំ២០២០ ស្ថិ តនៅក្រុមទី៩ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ រកឃើញនិងដកហូតវត្ថុតាងរបស់ជនរងគ្រោះបានមមកវិញមួយចំនួនធំផងដែរ។

កិច្ចប្រតិបត្តិការនៅព្រឹកថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២០ កម្លាំងនៃការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតធ្ងន់ បានសហការជាមួយកម្លាំងការិយាល័យប្រឆាំងបទល្មើសគ្រឿងញៀន និងកម្លាំងនគរបាលប៉ុស្តិ៍ស្លក្រាម ចុះរដ្ឋបាលចំហនៅភូមិធ្លកអណ្តូង សង្កាត់ស្លក្រាម នៅវេលាម៉ោង៩និង៣០នាទី បានចុះដល់ចំណុចផ្ទះជនសង្ស័យឈ្មោះ រី ភ្លី និងផ្ទះរបស់ឈ្មោះ សេន តាំង សង់នៅជាប់គ្នាដោយពិនិត្យឃើញសម្ភារៈវត្ថុតាងគួរឲ្យសង្ស័យមានដូចជា៖

ម៉ូតូគ្មានឯកសារគ្រប់គ្រាន់ចំនួន០២គ្រឿង ម៉ាកសាដូរ ១គ្រឿង ពណ៌ខ្មៅ (គ្មានផ្លាកលេខ) លេខតួលេខម៉ាស៊ីន MBK 398 cm, ម៉ាកទ្រីមសង ១គ្រឿង ពណ៌ខ្មៅ ផ្លាកលេខ សៀមរាប 1H-7186 លេខតួ/លេខម៉ាស៊ីន: 8585506, ម៉ូនិទ័រកុំព្យូទ័រ ២គ្រឿង, ម៉ាស៊ីនព្រីន ១គ្រឿង, ម៉ូទ័រឈូសឈើ២គ្រឿង, ម៉ូទ័រប៉ូមទឹក ១គ្រឿ, ម៉ូទ័រខ្យល់១គ្រឿង, កន្ត្រៃកាត់ដែក២, កៅអីឈើ២, តុឈើ២, ទូឈើ១, តុឈើកូនក្រឡឹង២១គ្រាប់, ឈើឆ្លាក់ ១៤ដុំ, កង់ ៣គ្រឿង, កង់ឡាន ៥គ្រាប់, អំពូលភ្លើងហ្វា ៤,អំពូលភ្លើម៉ាក FFL ៤គ្រាប់, ខ្សែភ្លើង១ដុំ, កាមេរ៉ាសុវត្តិភាព ២គ្រាប់, ម៉ាស៊ីនត្រជាក់២គ្រឿង និងកែវ១ធុង, កៅអីជ័រ ១២។

ក្នុងនោះកម្លាំងបាននាំខ្លួនជនសង្ស័យខាងលើ​​មកធ្វើការសាកសួរ៖​​​​ តាមការស្តាប់ចម្លើយរបស់ឈ្មោះ ម៉ាត់ សាលី និងឈ្មោះ រី ភ្លី បានឆ្លើយសារភាពថាៈ វត្ថុតាងដែលសមត្ថកិច្ចធ្វើការចាប់យកខាងលើ គឺពួកគេ និងគូកនឈ្មោះ វី (មិនស្គាល់ត្រកូល) បានធ្វើសកម្មភាពលួចនាពេលកន្លងមក។ ជាក់ស្តែងនៅវេលាម៉ោង១២និង៣០នាទីយប់ ឈានចូលថ្ងៃទី០៦ ខែសីហា​​ ឆ្នាំ២០២០ ពួកគេទាំង៣នាក់ បានជិះម៉ូតូសណ្តោងរ៉ឺម៉ក១គ្រឿង ប្រដាប់ដោយកន្ត្រៃកាត់ដែក ឌុបគ្នាចេញពីផ្ទះរបស់ឈ្មោះ រី ភ្លី ទៅធ្វើសកម្មភាពកាត់សោនៅចំណុចឃ្លាំងផ្ទុកសម្ភារៈមួយកន្លែង​​ ស្ថិតនៅក្រុមទី៩ ភូមិស្វាយដង្គំ សង្កាត់ស្វាយដង្គំ ក្រុង/ខេត្តសៀមរាប។ ពេលកាត់សោទ្វាឃ្លាំងបានហើយ ឈ្មោះ រី ភ្លី ជាអ្នកនៅលើរ៉ឺម៉កចាំមើលផ្លូវ ចំណែកឈ្មោះ ម៉ាត់ សាលី និងឈ្មោះ វី ជាអ្នកចូលលួចយកសម្ភារៈមានដូចជាៈ ម៉ាស៊ីនត្រជាក់ម៉ាក LG ១គ្រឿង, ម៉ាកPanasonic ១គ្រឿង, ម៉ូនិទ័រកុំព្យូទ័រ ១, អំពូលភ្លើម៉ាក FFL ៤គ្រាប់, កាមេរ៉ាសុវត្តិភាព ២គ្រាប់, ភ្លើងបានចំនួន៤គ្រាប់, ខ្សែភ្លើង ១ដុំ និងគ្រឿងភ្លើងលំអមួយចំនួន។

តាមការស្តាប់ចម្លើយរបស់ឈ្មោះ សេន តាំ បានឆ្លើយថា ខ្លួនត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យឈ្មោះ រី ភ្លី ហើយសម្ភារៈមួយចំនួនមានដូចជា តុឈើកូនក្រឡឹងចំនួន៦គ្រាប់, ម៉ាស៊ីនព្រីន ១គ្រឿង, ម៉ាស៊ីនត្រជាក់ម៉ាក LG ១គ្រឿង, ម៉ាកPanasonic ១គ្រឿង, អំពូលភ្លើម៉ាក FFL ៤គ្រាប់ និងកៅអីជ័រចំនួន១៤ គឺឈ្មោះ វី និងឈ្មោះ ម៉ាត់ សាលី បានយកទៅផ្ញើនិងរូបខ្លួន។ជនសង្ស័យឈ្មោះ រី ភ្លី និងឈ្មោះ ម៉ាត់ សាលី តេស្តរកសារធាតុញៀន លទ្ធផលវិជ្ជមាន ។

ពេលនេះកម្លាំងកិច្ចសហប្រតិបត្តិការកំពុងខិតខំកសាងសំណុំរឿងតាមនីតិវិធី ដើម្បីបញ្ជូនជនសង្ស័យទាំង៣នាក់ ទៅសាលាដំបូងខេត្ត ដើម្បីធ្វើការផ្ដន្ទាទោសតាមផ្លូវច្បាប់ ៕

មតិយោបល់