ព័ត៌មានជាតិ

ជិះម៉ូតូបើកវ៉ាជែង បណ្ដាលឲ្យជ្រុលចង្កូត បុករថយន្តរងរបួសធ្ងន់ ៣នាក់

ព្រះសីហនុ: កាលពីវេលាម៉ោង ៥និង២០នាទីល្ងាចថ្ងៃទី៨ ខែសីហា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ និងរថយន្ត ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៤ ចន្លោះបង្គោលគីឡូម៉ែត្រលេខ ១៩៩-២០០ ភូមិអូរតាសេក ឃុំអូរឧកញ៉ាហេង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

ដំណើររឿង៖ មុនពេលកើតហេតុមានម៉ូតូ ១គ្រឿងម៉ាក HONDA-DREAM ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពត 1Q-8818 ទិសដៅខេត្តព្រះសីហនុ ទៅភ្នំពេញជិះឌុបគ្នា ៣នាក់ អ្នកបើកបរ និងអ្នករួមដំណើរពុំទាន់ស្គាល់អត្តសញ្ញាណ ស្រាប់តែធ្វើដំណើរមកដល់ចំណុចខាងលើ អ្នកបើកម៉ូតូបានបើកវ៉ាជែង រួចជ្រុលចង្កូតចូលទៅបុករថយន្ត ១គ្រឿងម៉ាក HYUNDAI ពណ៌បៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3C-8043 មានទិសដៅផ្ទុយគ្នា (អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ) បណ្តាលឲ្យភាគីខាងម៉ូតូ រងរបួសធ្ងន់ទាំង ៣នាក់ ក្នុងនោះប្រុស ២នាក់ និងស្ត្រីម្នាក់។

ក្រោយកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងធ្វើការវាស់វែង យកវត្ថុតាងទៅរក្សា នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿង ដោះស្រាយទៅតាមនីតិវិធីច្បាប់ ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ៕

មតិយោបល់