ផ្ទះ ព័ត៌មានជាតិ ស្រ្តីម្នាក់ប...

ស្រ្តីម្នាក់បររទេះគោសុខៗ ស្រាប់តែគោផ្អើលរត់ បណ្តាលឲ្យធ្លាក់ស្លាប់

0

កំពង់ឆ្នាំង: កាលពីវេលាម៉ោង៥និង០០នាទីល្ងាចថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ មានករណីស្រ្តីម្នាក់ បររទេះគោត្រឡប់មកពីស្រែវិញ បានពាក់កណ្តាលផ្លូវ ស្រាប់តែគោផ្អើលរត់ បណ្តាលឲ្យធ្លាក់ស្លាប់ភ្លាមៗ នៅកន្លែងកើតហេតុ បង្កការភ្ញាក់ផ្អើល ស្ថិតនៅក្នុងភូមិរលាំង ឃុំត្បែងខ្ពស់ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង ។

សពស្រ្តីរងគ្រោះឈ្មោះ ជា មាន អាយុ៥៤ឆ្នាំ មុខរបរកសិករ មានទីលំនៅភូមិ-ឃុំកើតហេតុ ។

ដំណើររឿង៖ នៅមុនពេលកើតហេតុ គេឃើញស្រ្តីរងគ្រោះខាងលើ បានបររទេះគោត្រឡប់មកពីស្រែវិញ ក្នុងគោលបំណងសំដៅមកផ្ទះរបស់ខ្លួន លុះបរមកដល់ចំណុចកើតហេតុបានពាក់កណ្តាលផ្លូវ មិនដឹងជាមានហេតុភេទអាថ៌កំបាំងយ៉ាងម៉េច ដែលកំពុងតែបរសុខៗនោះ ស្រាប់តែគោបានផ្អើលរត់ទាំងជាប់រទេះយ៉ាងលឿន បណ្តាលឲ្យស្រ្តីអ្នកបររទេះធ្លាក់ស្លាប់នៅកន្លែងកើតហេតុភ្លាមៗ តែម្តង ។ ករណីដ៏ចម្លែកខាងលើនេះ បានបង្កការភ្ញាក់ផ្អើលដល់អ្នកដែលបានឃើញហេតុការណ៍ និងសាច់ញាតិបាននាំគ្នាយកសាកសពស្រ្តីរងគ្រោះមកដល់ផ្ទះ រួចរាយការណ៍ជូនសមត្ថកិច្ច ដើម្បីចុះពិនិត្យ ។ បន្ទាប់ពីពិនិត្យរួច សមត្ថកិច្ចបានសន្និដ្ឋានថា ស្រ្តីរងគ្រោះពិតជាស្លាប់ដោយសារធ្លាក់ពីលើរទេះពិតប្រាកដមែន ។ ទើបអនុញ្ញាតឲ្យក្រុមគ្រួសាររៀបចំធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់