ភ្នំពេញៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានចេញផ្សាយអំពី លោកឧត្តមសេនីយ៍ទោ អ៊ិន សុង នាយករងមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានឲ្យដឹង តាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះថា មេខ្លោងជួញដូរគ្រឿងញៀន២នាក់ ដែលបាញ់តដៃជាមួយសមត្ថកិច្ចនៅក្នុងទឹកដីកោះពេជ្រ ត្រូវបានបញ្ជូន ទៅតុលាការចាត់ការតាមច្បាប់នៅថ្ងៃនេះ ។
គួររំឭកថា កាលពីថ្ងៃទី១២ ខែសីហា ឆ្នាំ២០២០ វេលាម៉ោង១៩និង២០នាទី កម្លាំងជំនាញ (ក១០) របស់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដឹកនាំលោកវរសេនីយ៍ឯក យឹម សែនឧត្តម នាយករងមន្ទីរ សហការជាមួយកម្លាំងជំនាញរបស់ស្នងការដ្ឋានរាជធានីភ្នំពេញ និងដោយ មានការសម្របសម្រួល ពីលោកព្រះរាជអាជ្ញារង អ៊ំ សុភក្តិ បានបើកស៊ើបអង្កេត ស្រាវជ្រាវ បង្រា្កបនៅចំណុចផ្លូវ១៤៣ ជិតវង្វង់មូលផ្សារសំពៅមាស សង្កាត់វាលវង់ ខណ្ឌ៧មករា រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនោះ សមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យ១នាក់ឈ្មោះ អ៊ី រឹស៊ី (YI RISHI) ភេទប្រុស ឆ្នាំ១៩៩៥ ជនជាតិចិន ។
ចាប់យកវត្ថុតាង ៖ សារធាតុញៀនប្រភេទម៉េតំហ្វេតាមីន ប្រមាណ ២៥ក្រាម។ រហូតដល់ម៉ោង២១និង៤០នាទី សមត្ថកិច្ចបានបន្ត ស្រាវជ្រាវតាមចាប់មេខ្លោង ដែលលាក់ខ្លួននៅបន្ទប់ លេខ៧២១ របស់ខុនដូរ ព្រីនស៍ ដាយមិន ( Prince Diamond ) ក្បែរមជ្ឈមណ្ឌលកោះពេជ្រ ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ជាលទ្ធផលសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យម្នាក់ទៀត ឈ្មោះ យ៉ាវវ៉ាឡាក់ កេតសាល (YAOWALAK KETSAL) ភេទស្រី ជនជាតិថៃ ។
សូមជម្រាបថា ក្នុងពេលដែលចូលចាប់ជនសង្ស័យនោះ ស្រាប់តែមានមេខ្លោងម្នាក់ ភេទប្រុស បានចេញពីបន្ទប់ហើយបាញ់ស្រោចមកលើកម្លាំងសមត្ថកិច្ច ដោយកាំភ្លើងខ្លីប្រមាណ ៥-៦គ្រាប់ ហើយសមត្ថកិច្ចបានតបតការពារខ្លួន បណ្ដាលឲ្យជនសង្ស័យប្រាស់គេចខ្លួន ។ រហូតព្រឹកថ្ងៃទី១៣ ខែសីហា ឆ្នាំ២០២០ កម្លាំងសមត្ថកិច្ចបានបន្តសហការត្រួតពិនិត្យ ឆែកឆេរតាមចាប់មេខ្លោងបន្តទៀត ។
ជាលទ្ធផលសមត្ថកិច្ច បានចាប់យកវត្ថុតាងសរុបទម្ងន់ ១៩៥៨.២៣ក្រាម រួមមាន ៖
១-មេតំហ្វេតាមីន Ice) ទម្ងន់ ៨៤៣.០៩ក្រាម
២-កេតាមីន ketamine) ០១៥.៥១ក្រាម
៣-កញ្ឆាក្រៀម ទម្ងន់ ៩៩.៦៣ក្រាម
និងចាប់យកសម្ភារ ជញ្ជីង៧គ្រឿង, រថយន្តធុនត្រា១គ្រឿង, ទូរស័ព្ទ២គ្រឿង, អាវុធខ្លី១ដើម ម៉ាក CaL9mmPAK ដែលជនល្មើសបាញ់ហើយ បោះចោលនិងគ្រាប់ចំនួន១៥, សំបកគ្រាប់ចំនួន៥, ខោអាវប្រឡាក់ស្នាមឈាម , សម្ភារកែច្នៃវេចខ្ចប់គ្រឿងញៀនមួយចំនួន ៕
មតិយោបល់