កណ្តាលៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ច នៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាល ដឹកនាំដោយលោក លី សុជាតិ ស្នងការរងទទួលផែនប្រឆាំងបទល្មើស សេដ្ឋកិច្ច ដោយមានការឯកភាពពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការខេត្តកណ្ដាល និងមានការសម្របសម្រួលនីតិវិធី ពីព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត បានចុះ បង្ក្រាបទីតាំងលួចផលិតស្ករត្នោតក្លែងក្លាយមួយកន្លែង ស្ថិតនៅភូមិរំលិច ឃុំទួលព្រិច ស្រុកអង្គស្នួល ខេត្តកណ្តាល ។
លោកឧត្តមសេនីយ៍ត្រី លី សុជាតិ បានឲ្យដឹងនៅព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២០នេះ ថា ម្ចាស់ទីតាំង មានឈ្មោះ ជុន មុំ ភេទស្រី អាយុ៤៩ឆ្នាំ មុខរបរផលិតកែច្នៃស្ករត្នោតក្លែងក្លាយ ធ្លាប់ត្រូវបានសមត្ថកិច្ចធ្វើកិច្ចសន្យាអប់រំឲ្យបញ្ឈប់ផលិតស្ករត្នោតក្លែងក្លាយ ចំនួន៥លើករួចមកហើយ ។
ក្នុងប្រតិបត្តិការកាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០ សមត្ថកិច្ចដកហូតបានវត្ថុតាង មួយចំនួនរួមមាន ស្ករត្នោត ក្លែងក្លាយផលិតរួចចំនួន១២ធុង ស្មើ៣៤៨គីឡូក្រាម , ស្ករស ចំនួន ៣បាវ ស្មើ១៥០គីឡូក្រាម , ប្រេងឆា ១ប៊ីដុងកន្លះ ស្មើនឹង៧,៥លីត្រ , ម៉ូទ័រកូស្ករ ចំនួន ១ឆ្នាំងខ្ទះ ចំនួន៣ ។
បច្ចុប្បន្ន សមត្ថកិច្ចកំពុងបន្តនីតិវិធីសាកសួរម្ចាស់ទីតាំងតាមផ្លូវច្បាប់ ៕
មតិយោបល់