បន្ទាយមានជ័យៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា
មុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀនជាជនជាតិថៃ ០២នាក់ ប្តី-ប្រពន្ធ និងម្នាក់ទៀតជាជនជាតិខ្មែរ នៅថ្ងៃទី២០ ខែសីហា ឆ្នាំ២០២០ ត្រូវបានកម្លាំងនគរបាលជំនាញការិយាល័យប្រឆាំងគ្រឿងញៀន ខេត្តបន្ទាយមានជ័យ រៀបចំសំណុំរឿងបញ្ជូនខ្លួន រួមទាំងវត្ថុតាងថ្នាំញៀន ទៅសាលាដំបូងខេត្តបន្ទាយមានជ័យ ដើម្បីចាត់ការតាមនិតិវិធីច្បាប់ ។
លោកវរសេនីយ៍ឯក ធិន ស៊ិនដេត អធិការនគរបាលក្រុងប៉ោយប៉ែត បានឲ្យដឹងថា៖ ដើម្បីឲ្យភូមិ ឃុំ មានសុវត្ថិភាព និងដោយអនុវត្តតាមបទបញ្ជារបស់ លោកឧត្តមសេនីយ៍ទោ អាត់ ខែម ស្នងការនគរបាលខេត្តបន្ទាយមានជ័យ ក្នុងវិធានការទប់ស្កាត់នូវរាល់បទល្មើសផ្សេងៗ ពិសេសបទល្មើសគ្រឿង ញៀន នៅវេលាម៉ោង៣និង៣៥នាទីរសៀល ថ្ងៃទី១៨ ខែសីហាឆ្នាំ២០២០ កម្លាំងជំនាញផ្នែកប្រឆាំងគ្រឿងញៀនក្រុងប៉ោយប៉ែត បានល្បាតក្នុងភូមិសាស្រ្តដល់ ចំណុចមុខកាស៊ីណូប៉ារ៉ាម៉ិច ស្ថិតក្នុងភូមិក្បាលស្ពាន១ បានជួបមុខសញ្ញាសង្ស័យ១នាក់ឈ្មោះ កុលវ័ត្ត សុលីវង្ស អាគី ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិថៃ យកមកសួរនាំនៅអធិការដ្ឋាននគរបាលក្រុង។
លោកអធិការបានបន្តថា ក្រោយពីសួរនាំឈ្មោះ កុលវ័ត្ត សុលីវង្ស អាគី រួចមកកម្លាំង បានបន្តឈានទៅឃាត់ខ្លួនជនសង្ស័យ២នាក់ទៀត នៅចំណុចផ្លូវដើមពុទ្ទ្រាភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ ១/ឈ្មោះ ច័ន្ទ រចនា ភេទស្រី អាយុ៤៥ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកកាស៊ីណូ, ទី/២-ឈ្មោះ នុតថាថៃ ថៃសំរ៉ាន ភេទស្រី ជនជាតិថៃ អាយុ៥៩ឆ្នាំ (ហៅម៉ា) ជាប្រពន្ធរបស់ឈ្មោះ កុលវ័ត្ត សុលីវង្ស អាគី មុខរបរមិនពិតប្រាកដ ដោយក្នុងនោះ ស្រាវជ្រាវរកឃើញវត្ថុតាង មានម្សៅក្រាមពណ៌សថ្លាចំនួន៨ (ប្រាំបី)កូនថង់, ថ្នាំញៀនប្រភេទគ្រាប់ ពណ៌ក្រហមមានអក្សរ(WY)ចំនួន៧៧០(ប្រាំពីររយចិតសិប)គ្រាប់ ក្នុងនោះមានចំនួន៣០គ្រាប់ច្រក ក្នុងកំណាត់ទុយោខ្លីៗ និងថ្នាំញៀនប្រភេទគ្រាប់ ពណ៌ខៀវមានអក្ស (wy) មេថ្នាំចំនួន៣គ្រាប់ទៀត។
ក្រោយមកកម្លាំង បានឈានទៅឆែកឆេរបន្ទប់ ស្នាក់នៅរបស់ឈ្មោះ កុលវ័ត្ត សុលីវង្ស អាគី រកឃើញជញ្ជីងថ្លឹងថ្នាំ២ និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
លោកវរសេនីយ៍ឯក ង៉េង សុជា ស្នងការរងទទួលការងារនគរបាលប្រឆាំងគ្រឿងញៀន បានបញ្ជាក់ថា ជនសង្ស័យខ្មែរម្នាក់ និងជនសង្ស័យ០២នាក់ ប្តីប្រពន្ធ ជាជនជាតិថៃ រួមទាំងវត្ថុតាងថ្នាំញៀន ប្រភេទគ្រាប់សរុបចំនួន៧៧៣គ្រាប់ និងថ្នាំញៀនប្រភេទម្សៅក្រាមពណ៌ស ចំនួន០៨កូនថង់តូច ព្រមទាំងជញ្ជីងថ្លឹងថ្នាំ២ និងសម្ភារ:សម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន ត្រូវបានកម្លាំងនគរបាលជំនាញ ការិយាប្រឆាំងគ្រឿងញៀន រៀបចំសំណុំរឿងបញ្ជូនខ្លួន ទៅសាលាដំបូងខេត្ត ចាត់ការតាមនិតិវិធីច្បាប់ហើយដែរ៕
មតិយោបល់