ព័ត៌មានជាតិ

បុរសម្នាក់បើកម៉ូតូកង់បីលឿន ជ្រុលបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយ បណ្តាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: នៅវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង បុរសម្នាក់បើកម៉ូតូកង់បីមួយគ្រឿងក្នុងល្បឿនលឿន ជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង បណ្តាលឲ្យរងរបួសធ្ងន់ ទីតាំងស្ថិតតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។

នៅមុនពេលកើតហេតុ គេឃើញបុរសម្នាក់ បើកម៉ូតូកង់បីមួយគ្រឿងម៉ាកបាចា ពណ៌បៃតង ពាក់ស្លាកលេខភ្នំពេញ 1HI-7219 ធ្វើដំណើរតាមបណ្ដោយផ្លូវសហព័ន្ធរុស្ស៊ី ទិសដៅពីកើតទៅលិចក្នុងល្បឿនលឿន ដល់ចំណុចកើតហេតុម៉ូតូកង់បី បានរេចង្កូតជ្រុលទៅបុកបង្កាន់ដៃស្ពានអាកាសផ្សារដីហុយពេញទំហឹង បណ្តាលឲ្យម្ចាស់ម៉ូតូកង់បីរងរបួសបែកក្បាលធ្ងន់ធ្ងរ ។ ចំណែកម៉ូតូកង់បីបានរងការខូចខាតយ៉ាងដំណំ ត្រូវបានរថយន្តដឹកជនរងគ្រោះទៅសង្គ្រោះភ្លាមៗ ។

នៅក្រោយពេលកើតហេតុ សមត្ថជំនាញចុះវាស់វែងយកម៉ូតូកង់បីទៅរក្សាទុក នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕

មតិយោបល់