ព័ត៌មានជាតិ

ភ្ញាក់ផ្អើលទាំងព្រឹក ប្រទះឃើញសពបុរសម្នាក់លង់ទឹកស្លាប់នៅចំណុចស្រះទឹកមុខសាលាស្រុកជលគិរី

កំពង់ឆ្នាំងៈ មានករណីមនុស្សលង់ទឹកបណ្ដាលឲ្យស្លាប់បង្កការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៦និង៣០នាទីព្រឹក ទី២៥ ខែសីហា ឆ្នាំ២០២០ នៅចំណុចស្រះទឹកមុខសាលាស្រុកជលគិរីក្នុងភូមិ ព្រៃគ្រីត្បូង ឃុំព្រៃគ្រី ស្រុកជលគិរី ខេត្តកំពង់ឆ្នាំង។

ជនរងគ្រោះឈ្មោះ បាន ស្រេង ភេទប្រុស អាយុ ៤៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ (កសិករ) រស់នៅភូមិ/ឃុំ កើតហេតុខាងលើជាបុរសពោះម៉ាយ ប្រពន្ធលែងលះគ្នា ០៣ឆ្នាំហើយ មានកូន ០៣នាក់ ប្រុស ០១នាក់។

យោងតាមការបំភ្លឺរបស់ឈ្មោះបាន ស្រួ ត្រូវជាបងស្រីសពបង្កើតបានឱ្យដឹងថា ប្អូនប្រុសខ្លួនជាមនុស្សញៀនស្រា យូរមកហើយ ស្រវឹងរាល់ថ្ងៃ គ្មានផ្ទះរស់នៅទេ ដើរដេកតាមគ្រែក្នុងផ្សារ លុះមកដល់កើតហេតុស្រាប់តែប្រទះឃើញលង់ទឹកស្លាប់នៅក្នុងស្រះមុខសាលាស្រុកជលគិរី។

ក្រោយពីជំនាញ សហការជាមួយប៉ុស្ដិ៍នគរបាលរដ្ឋបាលព្រៃគ្រី លើសាកសពពុំឃើញមានស្លាកស្លាមអ្វីគួរឲ្យកត់សំគាល់ទេ សពនេះពិតជាស្លាប់ដោយសារលង់ទឹកពិតប្រាកដមែន និងបានប្រគល់សាកសពជូនគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់