ព័ត៌មានជាតិ

ជនជាតិចិនបើកឡានបុករថយន្តខ្មែរ រងការខូចខាតយ៉ាងធ្ងន់ នៅខណ្ឌពោធិ៍សែនជ័យ

ភ្នំពេញ: ជនជាតិចិនស្រវឹងស្រាបើករថយន្តឆ្លងផ្លូវ ខ្វះការប្រុងប្រយ័ត្នជ្រុលទៅបុករថយន្តជនជាតិខ្មែរពីខាងក្រោយ បណ្ដាលឲ្យធ្លាក់កាងរងការខូចខាតយ៉ាងធ្ងន់បង្កឲ្យមានការភ្ញាក់ផ្អើលកាលវេលាម៉ោង ១០និង១០នាទីយប់ថ្ងៃទី៤ ខែកុម្ភ: ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចស្តុបQMI ភូមិជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រថយន្តបង្កជាជនជាតិចិនម៉ាក GS8 ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរ:ភូមិន្ទ012.3236 បើកបរឆ្លងផ្លូវក្នុងទិសដៅពីជើងទៅត្បូង ក្នុងគោលបំណងបត់ទៅកើតរងការខូចខាត ផ្នែកខាងស្ដាំកាងខាងមុខ។
ចំណែករថយន្តខ្មែរម៉ាក LEXUSRX400h ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរ:ភូមិន្ទ 022.9810 បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម រងការខូចខាតយ៉ាងធ្ងន់ផ្នែកខាងក្រោយដោយដាច់កាងធ្លាក់មកដី។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋបានឲ្យដឹងថានៅមុនពេលកើតហេតុគេឃើញរថយន្តជនជាតិខ្មែរម៉ាក LEXUSRX400h ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរ:ភូមិន្ទ 022.9810 បើកបរក្នុងទិសដៅពីលិចទៅកើតក្នុងល្បឿនមធ្យម លុះមកដល់ចំណុចកើតត្រង់ចំណុចស្តុប QMI ក៏ស្រាប់តែមានរថយន្តជនជាតិចិនស៊េរីទំនើបមួយគ្រឿងម៉ាក GS8 ពណ៌ខ្មៅ ពាក់ស្លាកលេខ ខេមរ:ភូមិន្ទ 012.3236 ដូចគ្នាបើកបរក្នុងទិសដៅពីជើងឆ្លងផ្លូវ ទៅត្បូងក្នុងល្បឿនយ៉ាងលឿនដោយស្រវឹងស្រាផង ក៏បានជ្រុលចង្កូតទៅបុករថយន្តខ្មែរពីខាងក្រោយពេញទំហឹង ចំកាងផ្នែកខាងឆ្វេងបណ្ដាលឲ្យដាច់ធ្លាក់កាងមកដីភ្លាមៗ នោះភាគីខាងជនជាតិចិនមិនព្រមចុះពីលើរថយន្តឡើយលុះទាល់តែកម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍ចោមចៅទី៣ ទៅដល់ទើបបើកទ្វារចុះមកនិងតេទូរស័ព្ទ ដើម្បីទាក់ទងទៅគ្នារបស់គាត់បន្ទាប់ភ្លាមៗនោះដែរ ក៏ស្រាប់តែមានតំណាងភាគីខាងជនជាតិចិនបានមកដល់កន្លែងកើតហេតុនិងចរចាសុំសំរបសំរួលគ្នា។

ក្រោយពេលកើតហេតុដោយភាគីតំណាង ឲ្យខាងជនជាតិចិនសុំសំរបសំរួលគ្នា ដោយជួយចេញថ្លៃជួសជុលសងខាងរថយន្តជនជាតិខ្មែរ បញ្ចប់នៅកន្លែងកើតហេតុតែម្ដងទៅ៕

មតិយោបល់