ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសណ្ដោងរ៉ឺម៉ក បើកបុកកន្ទុយរថយន្តកុងតឺន័រ១គ្រឿង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ភ្លាមៗ កាលពីវេលាម៉ោង ០៩និង១០នាទីយប់ថ្ងៃទី២៦ ខែសីហា ឆ្នាំ ២០២០ ត្រង់ចំណុចមុខផ្សារមនោរម្យ តាមបណ្ដោយផ្លូវជាតិលេខ ៤ ក្នុងភូមិអង្កែវ សង្កាត់ចោមចៅទី ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ រស់ មិត ភេទប្រុស អាយុ៣០ ឆ្នាំ ជនជាតិខ្មែរ មុខរបរបើករ៉ឺម៉កដឹកដែក នៅក្រុមហ៊ុនមួយកន្លែងម្តុំរង្វង់មូលចោមចៅ ស្នាក់នៅកន្លែងធ្វើការ ភូមិថ្នល់បំបែក សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៏សែនជ័យ មានស្រុកកំណើតខេត្តព្រៃវែង។
ដំណើររឿង៖ ដំបូងទ្បើយគេឃើញបុរសម្នាក់ បើកម៉ូតូសណ្ដោងរ៉ឺម៉កមួយគ្រឿង មិនមានផ្លាកលេខ ធ្វើដំណើរលិចមកកើត តាមបណ្តោយផ្លូវជាតិលេខ៤។ មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុកកន្ទុយរថយន្តកុងតឺន័រ១គ្រឿង ម៉ាក HINO ក្បាលពណ៌ស ពាក់ផ្លាកលេខ ស្វាយរៀង 3A-0754 ចតស្ងៀមតាមចញ្ចើមផ្លូវ ស្របទិសគ្នាចំកន្ទុយរថយន្តផ្នែកខាងឆ្វេង បណ្ដាលឲ្យអ្នកបើកម៉ូតូបែកផ្ទៃមុខ ហើយស្លាប់ភ្លាមៗតែម្ដង ចំណែកម៉ូតូ ខូចខាតស្ទើរតែទាំងស្រុង និងដាច់ចេញពីរ៉ឺម៉ក។
ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកវាស់វែង រួចយកម៉ូតូ និងរថយន្ត ទៅរក្សាទុកនៅការិយាល័យ ចរាចរណ៍ផ្លូវ គោករាជធានីភ្នំពេញ រង់ចាំដោះស្រាយទៅតាមផ្លូវច្បាប់។ រីឯសព បន្ទាប់ពីធ្វើកំណត់ហេតុរួច ក៏ប្រគល់ជូនសាច់ញាតិយកទៅធ្វើបុណ្យតាមប្រពៃណីនៅស្រុកកំណើត៕
មតិយោបល់