ព័ត៌មានជាតិ

នគរបាល​ប៉ុស្ត៏​ផ្សារ​ដើមថ្កូវ ធ្វើការ​ចាប់​ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​២​នាក់ បានធ្វើ​សកម្មភាព​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន​

ភ្នំពេញ ៖ ជនសង្ស័យ​ចំនួន ២​នាក់ ត្រូវបាន​នគរបាល​ប៉ុស្ត៏​ផ្សារ​ដើមថ្កូវ ធ្វើការ​ចាប់​ឃាត់​ខណៈពេលដែល​ជនសង្ស័យ​ទាំង
២​នាក់​ខាងលើ កំពុង​ធ្វើ​សកម្មភាព​ជួញដូរ​និង​ប្រើប្រាស់​គ្រឿងញៀន ហេតុ​ការណ៏​នេះ​បាន​កើតឡើង​កាលពី​វេលា​ម៉ោង ២២ និង ៣០​នាទី យប់​ថៃ្ង​ទី ១៤ ខែ​ឧសភា ឆ្នាំ​២០១៤ ស្ថិត​នៅ​ចំណុច​ផ្ទះសំណាក់​ហាក់​ឆៃ​ហេង ផ្ទះ​លេខ​៣៣ បន្ទប់​លេខ ២០៣ តាម​បណ្តោយ​ផ្លូវ​លេខ ២៧១ ក្រុម​៧ ភូមិ​១ សង្កាត់​ផ្សារ​ដើមថ្កូវ ខណ្ឌចំការមន ។

​ ​សមត្ថកិច្ច​នគរបាល​ប៉ុស្ត៏​រដ្ឋបាល​សង្កាត់​ផ្សារ​ដើមថ្កូវ​បានឲ្យដឹងថា ជនសង្ស័យ​ទាំង ២​នាក់ ដែល​សមត្ថកិច្ច​ឃាត់ខ្លួន​បាន​ខាង​លើ​ទី​១ មានឈ្មោះ ចាន់ សុជាតិ (​ហៅ​រ៉ែ​ម )​ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ផ្ទះជួល​ម្តុំ​ផ្សារ​រន្ទះបាញ់ តាម​បណ្តោយ​ផ្លូវ​នរោត្តម សង្កាត់​ទន្លេបាសាក់ ។ ចំណែក ជនសង្ស័យ​ទី​២​មានឈ្មោះ ចេង សុភុត ភេទ​ប្រុស អាយុ​៣៣​ឆ្នាំ មាន​មុខរបរ​មិន​ពិតប្រាកដ ស្នាក់នៅ​ក្នុង​អង្ក​ការកសាង ភូមិ​ត្នោតជ្រុំ សង្កាត់​បឹងទំពុន ខណ្ឌមានជ័យ ។ វត្ថុតាង​ដែល​សមត្ថកិច្ច​ដកហូត​ពី​ជនសង្ស័យ​ខាងលើ​បាន​រួម​មាន ថ្នាំញៀន​ប្រភេទ​ក្រាម​ស​ថ្លា ចំនួន ២​កញ្ចប់ និងឧ​បរក​រណ៏​សម្រាប់​ប្រើប្រាស់​គ្រឿងញៀន​មួយ​កំផ្លេរ ,​ដេក​កេះ​០១ ,​ទុយោ​សម្រាប់​ជក់​គ្រឿងញៀន​ចំនួន ២, លុយ​ខ្មែរ​ចំនួន ០៣​ម៉ឺន​រៀល ,​ថង់​ប្លា​ស្ទិច​មួយចំនួន , និង​កូន​កន្ត្រៃ​ចំនួន ០១ ។

​ ​សមត្ថកិច្ច​នគរបាល​ប៉ុស្ត៏​ផ្សារ​ដើមថ្កូវ​បាន​បន្ត​ឲ្យ​ដឹងថា មុនពេល​កើតហេតុ ម្ចាស់​ផ្ទះសំណាក់​យីហោ ហាក់​ឆៃ​ហេង បាន​រាយ​ការណ៏​មក​កាន់​សមត្ថកិច្ច​ថា នៅ​បន្ទប់​លេខ ២០៣ ក្នុង​ផ្ទះសំណាក់​របស់​គាត់ មាន​ជនសង្ស័យ​ចំនួន ៣​នាក់ កំពុង​ធ្វើ​សកម្មភាព​ប្រើប្រាស់​គ្រឿងញៀន ។ បន្ទាប់ពី​មាន​សេចក្កីរាយការណ៏​ពីម្ចា​ស់​ផ្ទះសំណាក់​រួច​មក នគរបាល​ប៉ុស្ត៏​ផ្សារ​ដើមថ្កូវ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ធ្វើ​ការចាប់ខ្លួន ជនសង្ស័យ​ខាងលើ នៅក្នុង​បន្ទប់​លេខ​២០៣ បាន​ចំនួន ២​នាក់​តែ​ម្តង យក​មក​កាន់​ប៉ុស្ត៏នគរបាល​សង្កាត់​ផ្សារ​ដើមថ្កូវ ដើម្បី​ធ្វើការ​សាកសួរ​បន្ត ។

​ ​បច្ចុប្បន្ន​ជនសង្ស័យ​ខាងលើ ត្រូវបាន​នគរបាល​ប៉ុស្ត៏​ផ្សារ​ដើមថ្កូវ ធ្វើការ​បញ្ជូន​ខ្លួន​ទៅកាន់​អធិការ​រដ្ឋា​ន​នគរបាល​ខណ្ឌ​ចំការមន ដើម្បី​ធ្វើ​ការឃុំខ្លួន​បណ្តោះអាសន្ន និង​កសាង​សំណុំរឿង​បញ្ជូន​ខ្លួន​ជនសង្ស័យ​ខាងលើ​ទៅកាន់​សាលាដំបូង​រាជធានី​ភ្នំពេញ ចាត់ការ​តាម​នីតិវិធី​ច្បាប់ ៕
​ ​
2014-05-16_141004

មតិយោបល់