ព័ត៌មានជាតិ

សាហាវម្លេះ! ផឹកស៊ីនៅខ្ទមចាំចម្ការជាមួយគ្នា ទំនាស់សំដីក្លាយជាហិង្សារម្នាក់ស្លាប់ចំណែកម្នាក់ទៀតជាប់ខ្នោះ

បន្ទាយមានជ័យ: យោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា បុរសម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់នៅក្នុងថ្លុកឈាម នៅវេលាម៉ោង៩និង៣០នាទីព្រឹកថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០ សង្ស័យជាអំពើមនុស្សឃាត ត្រង់ចំណុចអូរកងរ៉ក់ ស្ថិតនៅខាងលិចឈាងខាងត្បូងចម្ងាយ៤.០០០ម៉ែត្រ ពីភូមិថ្មី ឃុំស្វាយចេក ស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក ជា ស្លូញ អធិការនគរបាល ស្រុកស្វាយចេក បានឲ្យដឹងថា ៖ ជនរងគ្រោះដែលស្លាប់ត្រូវបានគេស្គាល់ ឈ្មោះ ឈី ភេទប្រុស អាយុ៥១ឆ្នាំ មានទីលំនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ចំណែកជនសង្ស័យនៅក្នុងអំពើឃាតកម្មនេះមានឈ្មោះ ភី ចម ភេទប្រុស អាយុ៤៨ឆ្នាំ ទីលំនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ដូចគ្នា ជនសង្ស័យ និងជនរងគ្រោះ ទាំង០២នាក់ ជាអ្នកស៊ីឈ្នួលដេកចាំចម្ការដំឡូងមី នៅចំណុចកើតហេតុអូរកងរ៉ក់ ក្នុងឃុំស្វាយចេក ឲ្យឈ្មោះ សុខ ចាន់វុទ្ធ ភេទប្រុស អាយុ៣៩ឆ្នាំ មានទីលំនៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ។
លោកអធិការស្រុកស្វាយចេកបានបញ្ជាក់ថា ៖ នៅយប់ថ្ងៃកើតហេតុ ជនរងគ្រោះនិងជនសង្ស័យ បានផឹកស្រាថ្នាំជាមួយគ្នា នៅនឹងខ្ទមចម្ការ ពេលស្រវឹងរៀងៗខ្លួន ក៏មានទាស់ពាក្យសំដី ឈានដល់កើតមានអំពើហឹង្សា ឈ្មោះ ភី ចម បានទាញយកចប់កាប់ជំរះស្មៅ វាយទៅលើ ឈ្មោះ ឈី ពេលនោះជនរងគ្រោះបានរត់គេចមកក្រៅខ្ទមហើយដួល ជនសង្ស័យបានធ្វើសកម្មភាពកាប់ទៅលើជនរងគ្រោះត្រូវក្បាលជាច្រើនកន្លែង បណ្តាលឲ្យដេកស្លាប់នៅក្នុងថ្លុកឈាម ។
ក្រោយពីធ្វើសកម្មភាពរួចហើយជនសង្ស័យក៏មិនបានរត់គេចខ្លួន នៅដេកនឹងខ្ទម លុះព្រឹកឡើង មានប្រជាពលរដ្ឋ ទៅចម្ការក្បែរនោះប្រទះឃើញសពដេកស្លាប់ក៏រាយការណ៍មកសមត្ថកិច្ច ចុះទៅពិនិត្យហើយកម្លាំងកងរាជអាវុធហត្ថមូលដ្ឋាន ស្រុកស្វាយចេក បានធ្វើការឃាត់ឈ្មោះ ភី ចម ដើម្បីសួរនាំ នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យមិនបានសារភាពពីទង្វើបស់ខ្លួនជាអ្នកប្រព្រឹត្តនោះទេ តែខោជាប់ខ្លួនជនសង្ស័យមានប្រឡាក់ឈាម បច្ចុប្បន្នជនសង្ស័យត្រូវកងរាជអាវុធហត្ថមូលដ្ឋានស្រុកស្វាយចេក កំពុងកសាងសំណុំរឿង បញ្ជូនទៅបញ្ជាការដ្ឋាន កងរាជអាវុធហត្ថខេត្ត ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់ ចំណែកសពជនរងគ្រោះ ត្រូវបានប្រគល់ជូនក្រុមគ្រួសារ ចាត់ចែងធ្វើបុណ្យតាមប្រពៃណី ៕

 

មតិយោបល់