ព័ត៌មានជាតិ

កម្លាំងនគរបាលបន្តពង្រឹងចេញរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈស្ទូចរថយន្តឈប់-ចតគ្មានសណ្តាប់ធ្នាប់១០គ្រឿងយកទៅធ្វើការផាកពិន័យតាមច្បាប់

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា កម្លាំងនគរបាលនៃការិយាល័យសណ្តាប់ធ្នាប់ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញនៅថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២០ បន្តចុះពង្រឹងអនុវត្តលើការងារសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈដោយបានស្ទូចរថយន្តឈប់-ចតគ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវចំនួន១០គ្រឿងដើម្បីយកមអនុវត្តតាមច្បាប់។
ទីតាំងផ្លូវដែលកម្លាំងចុះធ្វើនៅចំណុចសួនច្បារស្ពាននាគសង្កាត់ផ្សារចាស់ខណ្ឌដូនពេញចំណុចផ្លូវ២៨៨ផ្លូវ៣៦០ខណ្ឌបឹងកេងកងនិងនៅចំណុចផ្លូវ៦២R៦៨ខណ្ឌប្ញស្សីកែវរាជធានីភ្នំពេញ។នៅពេលវេលានោះកម្លាំងនគរបាលសណ្តាប់ធ្នាប់ក៏បានចុះទៅផ្សព្វផ្សាយអប់រំជូនដល់អាជីវករ,អ្នករត់ម៉ូតូកង់០៣និងរថយន្តតាក់ស៊ីដែលឈប់-ចតនិងយកចំណីផ្លូវធ្វើអាជីវកម្មបង្កឱ្យប៉ះពាល់សណ្តាប់សុវត្ថិភាពចរាចរណ៍នៅចំណុចផ្លូវមហាវិថីម៉ៅសេទុងខណ្ឌទួលគោក,មហាវិថីព្រះសីហនុ,ផ្លូវសុកហុកកែងផ្លូវមន្នីរ៉េតខណ្ឌ៧មករា,ចំណុចក្រោមស្ពានអាកាសក្បាលថ្នល់ខណ្ឌមានជ័យ,ចំណុចផ្លូវ៥៩ផ្សារងិនអានខាំកូស៊ីធីខណ្ឌប្ញស្សីកែវរាជធានីភ្នំពេញដោយបានណែនាំឱ្យពួកគាត់បញ្ឆប់សកម្មភាពនិងឱ្យចូលរួមរក្សាសណ្តាប់សុវត្ថិភាពរបៀបរៀបរយឱ្យបានល្អនិងលើកស្ទួយសោភ័ណភាពនិងការដោះស្រាយភាពកកស្ទះចរាចរណ៍និងគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយការឈប់-ចតយានយន្តគ្រប់ប្រភេទគ្មានសណ្តាប់ធ្នាប់ត្រឹមត្រូវតាមផ្លូវសាធារណៈនោះ។
ប្រតិបត្តិការចាត់វិធានការចំពោះយានយាន្តគ្រប់ប្រភេទឈប់-ចតបង្កឱ្យប៉ះពាល់សណ្តាប់ធ្នាប់សាធារណៈពីសំណាក់កម្លាំងនគរបាលសណ្តាប់ធ្នាប់ត្រូវគេមើលឃើញថាអនុវត្តតាមបទបញ្ជាពីសំណាក់ឯកឧត្តមឧត្តមសេនីយ៍ឯកសថេតអគ្គស្នងការរងនគរបាលជាតិនិងជាស្នងការនគរបាលរាជធានីភ្នំពេញតម្រូវឱ្យកម្លាំងនគរបាលសណ្តាប់ធ្នាប់នៃការិយាល័យជំនាញនិងកម្លាំងអធិការដ្ឋាននគរបាលខណ្ឌទាំង១៤ត្រូវសហការគ្នាចេញពង្រឹងរៀបចំសណ្តាប់ធ្នាប់តាមដងផ្លូវនានាឱ្យបានម៉ឺងម៉ាត់និងអនុវត្តប្រជាចាំដោយមិនឱ្យដកថយនោះឡើយសំដៅចូលរួមដោះស្រាយសណ្តាប់ធ្នាប់សុវត្ថិភាពសាធារណៈនៅក្នុងរាជធានីភ្នំពេញឱ្យមានប្រសិទ្ធភាព។ខណៈដែលរាជធានីភ្នំពេញនៅពេលបច្ចុប្បន្នត្រូវគេមើលឃើញថាកំពុងប្រឈមនូវបញ្ហាការកកស្ទះចរាចរណ៍និងបញ្ហាកើតឡើងបទល្មើសគ្រោះថ្នាក់ចរាចរណ៍ជាដើម។
សូមបញ្ជាក់ថាយោងតាមរបាយការណ៍របស់ការិយាល័យនគរបាលសណ្តាប់ធ្នាប់នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបង្ហាញឱ្យដឹងថាកិច្ចការងារចុះរៀបចំសណ្តាប់ធ្នាប់តាមផ្លូវសាធារណៈក្នុងរយៈពេលមួយសប្តាហ៍(ចាប់ពីថ្ងៃទី២៨ខែសីហាដល់ថ្ងៃទី០៣ខែកញ្ញា)កម្លាំងនគរបាលសណ្តាប់ធ្នាប់បានអនុវត្តវិធានការពង្រឹងកិច្ចការងារសណ្តាប់ធ្នាប់សាធារណៈត្រួតពិនិត្យយានយន្តល្មើសចរាចរណ៍(បើកបញ្ច្រាសទិសនិងឈប់-ចតគ្មានសណ្តាប់ធ្នាប់)សរុបចំនួន៧១៤គ្រឿងក្នុងចំណោមយាយន្តល្មើសទាំងនោះយានយន្តខ្លះត្រូវបាននាំម្ចាស់យកមកអប់រំនិងយានយន្តមួយចំនួនទៀតត្រូវអនុវត្តតាមច្បាប់៕

 

មតិយោបល់