ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! តែបៃតង ភេសជ្ជៈប៉ូវកម្លាំង គុយទាវ តែកញ្ចប់ ទឹកត្រី ត្រូវមន្ត្រីជំនាញរកឃើញ នៅតាមផ្ទះលក់ទំនិញនានា

ព្រះវិហារៈ នៅថ្ងៃព្រហស្បតិ៍ ៨រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តព្រះវិហារ ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានបន្តចុះត្រួតពិនិត្យគុណភាពផលិតផល និងត្រួតពិនិត្យភាពអនុលោមអំពីស្លាកសញ្ញាលើផលិតផលម្សៅទឹកដោះគោ នៅតាមផ្ទះលក់ទំនិញនានា ក្នុងភូមិកំពង់កណ្តាល ឃុំកំពង់ប្រណាក ក្រុងព្រះវិហារ ខេត្តព្រះវិហារ។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់ ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផលម្ហូបអាហារ និងភាពអនុលោមអំពីស្លាកសញ្ញា លើផលិតផលម្សៅទឹកដោះគោ ស្របតាមអនុក្រឹត្យលេខ ១៣៣ ស្តីពីការផ្សព្វផ្សាយលក់ផលិតផលសម្រាប់ចិញ្ចឹមទារក និងកុមារផងដែរ។

* ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញផលិតផលហួសកាលបរិច្ឆេតប្រើប្រាស់ ដូចជា៖
– តែបៃតង ចំនួន ២៤ដប ស្មើនឹង ១២ លីត្រ
– ភេសជ្ជៈប៉ូវកម្លាំងចំនួន ១២ដប ស្មើនឹង ០៣ លីត្រ
– ទឹកស៊ីអ៊ីវ ចំនួន ១១ដប ស្មើនឹង ៥.៥ លីត្រ
– ទឹកត្រី ចំនួន ០២ដប ស្មើនឹង ១ លីត្រ
– តែកញ្ចប់ ចំនួន ០៩កញ្ចប់ ស្មើនឹង ៣.៦ គីឡូក្រាម
– គុយទាវកញ្ចប់ ចំនួន ០៤កញ្ចប់ ស្មើនឹង ០.២២៤ គីឡូក្រាម
– កាពិ ចំនួន ០៤កែវ ស្មើនឹង ០.៦៤ គីឡូក្រាម
– នំប្រៃ ចំនួន ០១ថង់ ស្មើនឹង ១.៥ គីឡូក្រាម
សរុបទំនិញដកហូតបាន ចំនួន ២៧.៤៦ គីឡូក្រាម។

បន្ទាប់មកមន្ត្រីសាខា ក.ប.ប. បានធ្វើកំណត់ហេតុដកហូត ទំនិញទាំងនោះយកទៅធ្វើការកម្ទេចចោល។ ចំពោះម្សៅទឹកដោះគោមន្រ្តីជំនាញសង្កេតឃើញភាគច្រើនបានបិតព័ត៌មានបន្ថែមជាភាសាខ្មែរលើសំបកវេចខ្ចប់ ស្របតាមខ្លឹមសារនៃអនុក្រឹត្យលេខ១៣៣ ។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ នឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់