ព័ត៌មានជាតិ

អត់លុយចូលឆ្នាំបែកគំនិត ចូលគាស់ឃ្លាំង ត្រូវអ្នកភូមិឃើញ ចាប់ប្រគល់ឲ្យសមត្ថកិច្ច

ភ្នំពេញៈ បុរសម្នាក់ ព្រោះតែអត់លុយសម្រាប់ចូលឆ្នាំ ស្រាប់បែកគំនិត ចូលគាស់ឃ្លាំងប៉ុនប៉ងលួចដែក តែមិនទាន់បានសម្រេចផង ត្រូវពលរដ្ឋក្នុងភូមិឃើញ ផ្អើលព័ទ្ធចាប់ខ្លួនបាន កាលពីវេលាម៉ោង២ និង១០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅក្នុងឃ្លាំងដែក ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រជាពលរដ្ឋ បានឲ្យដឹងថា ជនសង្ស័យ បានចូលធ្វើសកម្មភាពគាស់ទ្វារឃ្លាំង ចូលទៅខាងក្នុងប៉ុនប៉ងលួចដែក នៅវេលាអធ្រាត្រឈានចូលថ្ងៃទី០៥ ខែមេសានេះ ខណៈដែលម្ចាស់ឃ្លាំង ចាក់សោចោល ទៅដេកសម្រាកនៅផ្ទះបាត់ ហើយត្រូវបានប្រជាពលរដ្ឋផ្ទះក្បែរខាងឃើញ ផ្អើលឆោឡោ នាំគ្នាចាប់ឃាត់ ទាំងយប់ រហូតដល់វេលាម៉ោង៧ព្រឹកទើបរាយការណ៍ប្រាប់សមត្ថកិច្ច នាំយកទៅសាកសួរនៅប៉ុស្តិ៍ ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា មកពីអត់លុយសម្រាប់ចូលឆ្នាំ ទើបបែកគំនិត ឆ្នៀតឱកាស ម្ចាស់ឃ្លាំងមិននៅ ប៉ងចូលលួចដែក តែមិនទាន់បានសម្រេចផង ពលរដ្ឋឃើញចាប់ខ្លួនឲ្យប៉ូលិស។

ជនសង្ស័យ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួននាំ ទៅប៉ុស្តិ៍ សាកសួរនិងកសាងសំណុំរឿង បញ្ជូនទៅផ្នែកជំនាញខណ្ឌ ចាត់ការបន្តតាមនីតិវិធី៕

មតិយោបល់