ព័ត៌មានជាតិ

សូមប្រុងប្រយ័ត្ន! ម្សៅទឹកដោះនូទ្រីលែត (Nutrilatt) ៣កំប៉ុង និងម៉ាកដទៃទៀត ចំនួន ៤៥កំប៉ុង ត្រូវមន្ត្រីជំនាញរកឃើញ

ត្បូងឃ្មុំៈ នៅថ្ងៃចន្ទ ១២រោច ខែភទ្របទ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០២០ នេះ មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំ ដោយទទួលបានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណៈកម្មការផ្សារ បានបន្តចុះត្រួតពិនិត្យគុណទំនិញ និងត្រួតពិនិត្យផលិតផលម្សៅទឹកដោះគោ តាមសេចក្តីជូនដំណឹងរបស់ក្រសួងពាណិជ្ជកម្ម លេខ ២៧៣៣ ពណ. អ.កបប ចុះថ្ងៃ០៣ ខែកញ្ញា ២០២០ ស្តីពីការដាក់ចេញនូវវិធានការចំពោះផលិតផលម្សៅទឹកដោះគោសម្រាប់ចិញ្ចឹមទារក និងកុមារ ម៉ាកនូទ្រីលែត (Nutrilatt) ដែលមានលេខកូជ ៤៨៧, ៤៨៨, ៥៣៦, ៥៣៧, ៥៣៨, ៥៣៩ ក្នុងផ្សារមេមត់ ស្ថិតក្នុងស្រុកមេមត់ ខេត្តត្បូងឃ្មុំ។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសំបកវេចខ្ចប់ផលិតផល និងស្លាដក ជាពិសេស មន្ត្រីសាខា ក.ប.ប. បានផ្សព្វផ្សាយអនុក្រឹត្យលេខ១៣៣ ស្តីអំពីផលិតផលចិញ្ចឹមទារក និងកុមារ លើសម្បកវេចខ្ចប់ម្សៅទឹកដោះគោផងដែរ។

*ជាលទ្ធផលមន្រ្តីជំនាញរកឃើញម្សៅទឹកដោះគោនូទ្រីលែត (Nutrilatt) កូជលេខ ៥៣៧ សរុបចំនួន ៣កំប៉ុង ត្រូវបានមន្រ្តីជំនាញធ្វើការដកហូតបញ្ជូនមកអគ្គនាយកដ្ឋាន។ ដោយឡែក ម្សៅទឹកដោះគោដទៃទៀត ដែលមិនស្ថិតក្នុងលេខកូជខាងលើ ចំនួនសរុប ៤៥កំប៉ុង បានត្រូវមន្រ្តីជំនាញបានត្រូវធ្វើកំណត់ហេតុបញ្ឈប់ការដាក់តាំងលក់បណ្តោះអាសន្ន។

ក្នុងឱកាសនេះដែរ មន្ត្រីសាខា ក.ប.ប. ខេត្តត្បូងឃ្មុំបានយកចិត្តទុកដាក់បញ្ជាក់បង្ហាញជូនដល់ក្រុមអាជីវករ ទាំងអស់ឱ្យបានយល់ច្បាស់អំពី ច្បាប់បទបញ្ញាតិពាក់ពន្ធ័ដើម្បីចូលរួមលើកកម្ពស់សុខមាល ភាពជូនដល់ប្រជាពលរដ្ឋ៕

មតិយោបល់