ព័ត៌មានជាតិ

ស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ១៥នាក់ ក្នុងហេតុការណ៍តៃកុងងងុយដេក បើករេចង្កូតបុករ៉ឺម៉កកង់បី បណ្ដាលឲ្យក្រឡាប់ទាំងសងខាង

សៀមរាបៈ នៅព្រឹកថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៦ ភូមិកិត្តិយស ឃុំព្រៃជ្រូក ស្រុកពួក ខេត្តសៀមរាប មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុករ៉ឺម៉កកង់បីក្រឡាប់ធ្លាក់ផ្លូវ។

រថយន្ដបង្កម៉ាក សាំយ៉ុង ដឹកនាំអ្នកដំណើរ ពាក់ផ្លាកលេខ 2M-4406 ។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញមានរថយន្តបង្កម៉ាកខាងលើ បើកបរពីកើតទៅលិច បានរេចង្កូតទៅបុករ៉ឺម៉កកង់បីកែឆ្នៃ ដែលឈប់ចតស្របទិសគ្នា បណ្ដាលឲ្យរថយន្តក្រឡាប់ធ្លាក់ផ្លូវ ទៅទិសខាងត្បូងផ្លូវជាតិ រីឯរ៉ឺម៉កធ្លាក់ផ្លូវទៅទិសខាងជើង។

មូលហេតុ៖ បណ្ដាលមកពីអ្នកតៃកុងឡានសាំយ៉ុង បើកបរក្នុងស្ថានភាពងងុយដេក។

សូមបញ្ជាក់៖ ករណីនេះ បណ្ដាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសធ្ងន់ស្រាល ១៥នាក់។

ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាង ទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីកសាងសំណុំរឿងដោះស្រាយតាមច្បាប់ ចំណែកអ្នករងរបួស ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ រីឯសព ត្រូវបានធ្វើកំណត់ហេតុ រួចប្រគល់ជូនសាច់ញាតិ យកទៅធ្វើបុណ្យ៕

មតិយោបល់