ព័ត៌មានជាតិ

រថយន្តបុកម៉ូតូ បណ្តាលឲ្យស្លាប់និងរងរបួសធ្ងន់មនុស្ស២នាក់ រួចជ្រុលល្បឿនទៅបុកផ្ទះពលរដ្ឋ១ខ្នង ខូចខាតយ៉ាងដំណំ

កំពង់ស្ពឺៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង០០និង២០នាទី លើផ្លូវជាតិលេខ៤ (ចន្លោះគីឡូម៉ែត្រលេខ៤២-៤៣) ចំណុចភូមិចំបក់ ឃុំវល្លិសរ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ និងរងរបួសស្រាលម្នាក់។

នគរបាលខេត្តកំពង់ស្ពឺ បានឲ្យដឹងថា មុនពេលកើតហេតុមាន មានរថយន្ត ១គ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 3A-8133 អ្នកបើកបរឈ្មោះ នួន វណ្ណា ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ បើកបរមកពីកើតទៅលិច មកដល់ចំណុចខាងលើ បានបុកពីក្រោយម៉ូតូ ១គ្រឿងម៉ាកនិច ពណ៌ខ្មៅ-ក្រហម គ្មានផ្លាកលេខ អ្នកបើកបរឈ្មោះ នឹម ឆាង ភេទប្រុស អាយុ២៣ឆ្នាំ រស់នៅភូមិត្រពាំងរការ ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដឹកអ្នកដំណើរម្នាក់ឈ្មោះ សុវត្ថិ ស្រីណេ ភេទស្រី អាយុ២២ឆ្នាំ រស់នៅភូមិសំពៅ ង ឃុំព្នាយ ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ដែលកំពុងបើកបរស្របទិសគ្នា។ បន្ទាប់មករថយន្តបានជ្រុលទៅបុកផ្ទះ ១ខ្នងទៀត ម្ចាស់ផ្ទះឈ្មោះ សាន់ សុភក្ត្រ ភេទប្រុស អាយុ៣៨ឆ្នាំ រស់នៅភូមិកើតហេតុខាងលើ។

បច្ចុប្បន្នតៃកុងរថយន្តបានឃាត់ខ្លួននិងកសាងសំណុំរឿងចាត់ការតាមនីតិវិធី។ ចំណែកវត្ថុតាងរថយន្ត និងម៉ូតូរក្សាទុកនៅមប៉ុស្តិ៍នគរបាលរដ្ឋបាលវល្លិសរ ៕

មតិយោបល់