ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ធ្វើសកម្មភាព លួចស្លាកលេខរថយន្ត ត្រូវសមត្ថកិច្ចឃាត់ខ្លួន

ភ្នំពេញ: យោងតាមផេក ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា កាលពីថ្ងៃទី១១ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង១៨និង០០នាទី ជនរងគ្រោះឈ្មោះ ម៉ម លីណា ភេទស្រី អាយុ២៨ឆ្នាំ បានបើករថយន្តម៉ាក ព្រូស ពណ៌ ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ ២AA ៨៧៤៦ មកផ្ទះជួលមិត្តភក្តិខ្លួនឈ្មោះ ស្រី នូ ភេទស្រី អាយុប្រហែល២៨ឆ្នាំ ចំណុចផ្លូវលំ ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដើម្បីយកអីវ៉ាន់។ ពេលត្រឡប់ទៅផ្ទះវិញ ស្រាប់តែរថយន្តជនរងគ្រោះបញ្ឆេះមិនឆេះ ក៏ទុកចោលនៅមុខផ្ទះជួលរបស់ឈ្មោះ ស្រី នូ ហើយក៏ត្រឡប់ទៅផ្ទះបាត់ទៅ រហូតដល់ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង ០១និង៣០នាទីរំលងអធ្រាត្រ ជនសង្ស័យឈ្មោះ ចាប សារ៉ាយ ហៅ កាយ ភេទប្រុស អាយុ៣៥ឆ្នាំ បានធ្វើសកម្មភាពលួចដោះ យកស្លាកលេខរថយន្ត ជនរងគ្រោះឈ្មោះ ម៉ម លីណា ទាំងមុខទាំងក្រោយ ហើយរត់គេចខ្លួនបាត់។

លុះមកដល់ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ ២០២០ វេលាម៉ោង ០៥និង០០នាទី កម្លាំងសមត្តកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពុនទី២ ធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យឈ្មោះ ចាប សារ៉ាយ ហៅ កាយ នៅចំណុចក្បែរវត្តដំបូកខ្ពស់ ផ្លូវបេតុង ភូមិត្នោតជ្រុំ សង្កាត់បឹងទំពុនទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ យកមកធ្វើការសាកសួរ នៅទីស្នាក់ការប៉ុស្តិ៍នគរបាលរដ្ឋបាល បឹងទំពុនទី២ ចាត់ការតាមផ្លូវច្បាប់។

បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាល ខណ្ឌមានជ័យ ដើម្បីកសាងសំណុំរឿង ចាត់ការបន្តតាមនីតិវិធីច្បាប់៕

មតិយោបល់