ភ្នំពេញៈ កាលពីរសៀលថ្ងៃទី០៧ ខែសីហា ឆ្នាំ២០១៦ ក្រុមហ៊ុនប្រេងជំនួយម៉ាស៊ីន REVO សហការជាមួយក្រុមយុវជនម៉ូតូធំ M SPORT FAMILY បានបង្កើតកម្មវិធីដង្ហែក្បួនម៉ូតូ ដើម្បីផ្សព្វផ្សាយ ពីសុវត្ថិភាពចរាចរណ៍ ក្រោមប្រធានបទ “មួកការពារ១ ជីវិត១” ក្នុងគោលបំណងលើកកម្ពស់សុវត្ថិភាពចរាចរណ៍ និងណែនាំឲ្យប្រជាពលរដ្ឋទាំងអស់ យល់ច្បាស់អំពីសារៈប្រយោជន៍នៃការប្រើប្រាស់មួកការពារសុវត្ថិភាព។
លោក តែ គីមសែ តំណាងប្រធានក្រុមហ៊ុន REVO បានមានប្រសាសន៍ឲ្យដឹងថា ក្បួនដង្ហែនេះ បានចាប់ផ្តើមឡើងនៅចំណុចសួនច្បារត្រើយខាងកើត រួចបន្តជិះតាមដងវិថីសំខាន់ៗនានាក្នុងរាជធានីភ្នំពេញ និងបានបញ្ចប់នៅចំណុចមជ្ឈមណ្ឌលកម្សាន្តកោះពេជ្រ។ លោកបានបន្ថែមទៀតថា គោលបំណង ដែលក្រុមហ៊ុនបានធ្វើកម្មវិធីនេះឡើង គឺចង់ពញ្ញាក់ស្មារតីប្រជាពលរដ្ឋទាំងអស់ ឲ្យបានយល់ដឹងអំពីការបើកបរក្នុងទីប្រជុំជន ការគោរពស្លាកសញ្ញា គំនូសសញ្ញាចរាចរណ៍ និងភ្លើងសញ្ញាចរាចរណ៍ ហើយអ្វីដែលសំខាន់ជាងគេនោះ គឺការប្រើប្រាស់មួកសុវត្ថិភាពក្នុងពេលបើកបរម៉ូតូ។
លោក ខៀវ បញ្ញារិទ្ធ ប្រធានក្រុមយុវជនម៉ូតូធំ M SPORT FAMILY ដែលជាក្រុមម៉ូតូធំ១ ត្រូវបានប្រជាពលរដ្ឋទទួលស្គាល់ និងកោតសរសើរថាជាក្រុមដែលចូលចិត្តជួយការងារសង្គម និងជនក្រីក្រ ក៏បានមានប្រសាសន៍ឲ្យដឹងដែរថា សព្វថ្ងៃនេះ ដោយសង្កេតឃើញថា អត្រាចំនួនអ្នកស្លាប់ដោយសារតែគ្រោះថ្នាក់ចរាចរណ៍ ភាគច្រើន គឺប៉ះទង្គិចត្រង់ក្បាល ដែលបណ្តាលមកពីការបើកបរពុំពាក់មួកសុវត្ថិភាព ឬពាក់ដោយពុំបានត្រឹមត្រូវ ទើបក្រុមរបស់លោក រួមនឹងក្រុមហ៊ុនប្រេងជំនួយម៉ាស៊ីន REVO បានពិភាក្សាគ្នាបង្កើតកម្មវិធីនេះឡើង ហើយលោកនឹងមានគម្រោងធ្វើយុទ្ធនាការផ្សព្វផ្សាយសុវត្ថិភាពចរាចរណ៍នេះឲ្យបានញឹកញាប់ និងមានបំណងធ្វើនៅតាមបណ្តាខេត្តនានាផងដែរ។
គួរបញ្ជាក់ផងដែរថា ផលិតផល REVO គឺជាផលិតផលប្រេងជំនួយម៉ាស៊ីន នាំចូលពីប្រទេសអាមេរិក មានគុណភាពជួយកាត់បន្ថយកម្ដៅ ធ្វើឲ្យម៉ាស៊ីនរត់បានស្ងាត់ ស៊ីសាំងតិច និងជួយឲ្យកម្លាំងម៉ាស៊ីនមានសន្ទុះកាន់តែខ្លាំង៕
https://youtu.be/GJqDDyQjPoQ
មតិយោបល់