ព័ត៌មានជាតិ

រថយន្តធុនធំមួយគ្រឿង រេចង្កូតប៉ះបង្កាន់ដៃស្ពាន ធ្លាក់ចូលទឹក ក្រឡាប់ផ្ងារជើង នៅផ្លូវជាតិលេខ៤

ព្រះសីហនុ: នៅថ្ងៃទី២៧ ​ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ៣និង០០នាទីយប់ នៅចន្លោះគីឡូម៉ែត្រលេខ១៣៨-១៣៩ មានករណីគ្រោះថ្នាក់ចរចរណ៍មួយកើតឡើង នៅតាមបណ្តោយផ្លូវលេខ៤ រថយន្តមួយគ្រឿងបើករេចង្កូតទៅប៉ះបង្កាន់ដៃស្ពាន បណ្តាលឲ្យធ្លាក់ចូលក្នុងទឹកព្រែក ក្រឡាប់ផ្ងារជើង បង្កឲ្យមានភ្ញាក់ផ្អើលស្ថិតនៅក្នុងភូមិ-ឃុំចម្ការហ្លួង ស្រុកកំពង់សិលា ខេត្តព្រះសីហនុ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មានរថយន្តមួយគ្រឿងម៉ាក FUSO ពាក់ផ្លាកលេខ ព្រះសីហនុ 3A. 6318 ចង្កូតស្តាំ សណ្តោងកុងតឺនរ័ ដែលមានទិសដៅពីព្រះសីហនុ ឆ្ពោះទៅរាជធានីភ្នំពេញ។ លុះបើកបរសុខៗ មកដល់ចំណុចកើតហេតុ ស្រាប់តែរថយន្តបានរេចង្កូតប៉ះបង្កាន់ដៃស្ពាន បណ្តាលឲ្យធ្លាក់ចូលទៅក្នុងទឹកព្រែកតែម្តង ។ រីឯតៃកុងបានរត់គេចខ្លួន បាត់ ។

ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានចុះទៅពិនិត្យ និងហៅរថយន្តស្ទូចយកទៅរក្សាទុក​ ជាបណ្តោះអាសន្ន ដើម្បីស្វែងរកម្ចាស់រថយន្ត ចូលខ្លួនមកដោះស្រាយ តាមនីតិវិធីផ្លូវច្បាប់៕

មតិយោបល់