ព័ត៌មានជាតិ

រន្ធត់ណាស់! ម៉ូតូ២គ្រឿងបុកគ្នា ត្រូវរថយន្តកិនថែម បណ្តាលឲ្យមនុស្ស៣នាក់ ស្លាប់និងរងបួសធ្ងន់

កណ្តាល: កាលពីថ្ងៃសៅរ៍ ៩កើត ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០២០ វេលាម៉ោង១៩និង០៥នាទី ករណីគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក បង្កឡើងរវាងម៉ូតូនិងម៉ូតូបើកបរបុកគ្នា ហើយត្រូវរថយន្តមិនស្គាល់ម៉ាកកិនស្លាប់នៅនឹងកន្លែងកើតហេតុចំនួន០២នាក់ និងរបួសធ្ងន់ម្នាក់ លើផ្លូវជាតិលេខ៦១ ចន្លោះគីឡូម៉ែត្រ១២-១៣ ស្ថិតនៅក្នុងភូមិថ្នល់បត់ ឃុំកោះចិន ស្រុកពញាឮ ខេត្តកណ្តាល ។

សភាពនៃរឿងហេតុ៖ នៅវេលាកើតហេតុខាងលើ មានម៉ូតូមួយគ្រឿងម៉ាក Honda dream C125 ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1IA-8711 បើកបរទិសដៅពីកើតទៅលិច (កំពង់ចាម-ព្រែកក្តាម) ដោយឈ្មោះ ជុត សុខហេង ភេទប្រុស អាយុ២៦ឆ្នាំ មានទីលំនៅភូមិស្វាយភ្លើង ឃុំស្វាយភ្លើង ស្រុកតាំងគោក ខេត្តកំពង់ធំ (ស្លាប់) អ្នករួមដំណើរឈ្មោះ ជុត ជីវ័ន្ត ភេទប្រុស អាយុ២៤ឆ្នាំ មានទីលំនៅភូមិ-ឃុំជាមួយគ្នា(ស្លាប់) លុះពេលបើកបរមកដល់ចំណុចកើតហេតុ បានបុកគ្នាជាមួយម៉ូតូមួយគ្រឿងទៀត ម៉ាក Suzuki smash ពណ៌ខ្មៅ ពាក់ផ្លាកលេខ កណ្តាល1D-3895 ដែលបើកបរមានទិសដៅពីលិចទៅកើត (ព្រែកក្តាម-កំពង់ចាម) បើកបរដោយឈ្មោះ ឡន សំណាង ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅភូមិសំបូរ ឃុំសំបូរ ស្រុកបាធាយ ខេត្តកំពង់ចាម (របួសធ្ងន់) ស្របពេលនោះដែរ ក៏មានរថយន្ត មិនស្គាល់ម៉ាកមួយគ្រឿង បើកបរកិនអ្នកបើកបរម៉ូតូ Honda dream C125 និងអ្នករួមដំណើរ បណ្តាលឲ្យស្លាប់ទាំងពីរនៅកន្លែងកើតហេតុតែម្តង ។

ក្រោយពេលកើតហេតុ កម្លាំងផ្នែកជំនាញ បានចុះដល់កន្លែងកើតហេតុ ធ្វើការគូសដៅ កន្លែងកើតហេតុ និងបានហៅរថយន្តសង្គ្រោះ ដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យ រីឯសាកសពទាំងពីរ កំពុងរង់ចាំបងប្អូនមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់