ភ្នំពេញៈ កាលពីវេលា ៩និង០០នាទីយប់ថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២០ នៅក្នុងបឹងកក់ ស្ថិតតាមបណ្តោយផ្លូវលេខR8 កែងនិងផ្លូវR5 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយបុរស ៣នាក់ បើកម៉ូតូក្នុងស្ថានភាពស្រវឹងស្រា ជ្រុលទៅបុករថយន្ត Alphard ស៊េរីទំនើប បណ្ដាលឲ្យមនុស្សស្លាប់ភ្លាមៗម្នាក់ និង២នាក់ទៀត សន្លប់ស្ដូកស្ដឹង។
អ្នកជិះម៉ូតូទាំង ៣នាក់៖
១.ឈ្មោះ ព្រឿម សារ៉ាត់ ភេទប្រុស អាយុ ៣៣ឆ្នាំ មុខរបរជាងសំណង់ ខាងលាបថ្នាំបៀក ស្នាក់នៅផ្ទះជួលម្តុំរង្វង់ខេមកូផ្លូវ598 ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ជនរងគ្រោះ ២នាក់ទៀតមិនស្គាល់ឈ្មោះ។
ទាំង ៣នាក់ ធ្វើការជាមួយគ្នា បើកបរម៉ូតូម៉ាក ហុងដាឌ្រីមសង់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ1AL-1753។
រថយន្តរងគ្រោះម៉ាក Alphard ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AX-9188។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញបុរស ៣នាក់ ជិះធ្វើដំណើរពីកើតទៅលិចតាមបណ្ដោយផ្លូវខាងលើ ក្នុងល្បឿនលឿន ស្រាប់តែមកដល់ចំណុចកើតហេតុលេចរថយន្តម៉ាក Alphard ស៊េរីទំនើប ឆ្លងផ្លូវពីជើងទៅត្បូង ត្រូវម៉ូតូបុកចំក្បាលរថយន្តពេញទំហឹង បណ្ដាលឲ្យបុរសម្នាក់បោកផ្ទប់នឹងរថយន្តធ្លាក់បោកក្បាលនឹងថ្នល់ ហូរឈាមកក្លាក់ស្លាប់ភ្លាមៗ និងបុរស ២នាក់ទៀត សន្លប់ស្ដូកស្ដឹង។
សូមបញ្ជាក់៖ យោងតាមប្រភពព័ត៌មានបានឲ្យដឹងថា ករណីនេះ ភ្លាមៗរថយន្តបង្កបានបើករត់គេច ឆ្ងាយពីកន្លែងកើតហេតុបន្តិច ឈប់ចតហើយឃើញមានជនជាតិចិន ៣នាក់ ចុះរត់គេចខ្លួន នៅសល់តែបុរសជនជាតិខ្មែរម្នាក់ ដែលបើករថយន្តត្រឡប់មកឈប់ជិតកន្លែងកើតហេតុវិញ។
ក្រោយកើតហេតុបុរសជាអ្នកបកប្រែ ដែលនៅក្នុងរថយន្តបង្កនោះ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំចំណែកសពបុរសខាងលើ សាច់ញាតិដឹកយកទៅធ្វើបុណ្យ នៅស្រុកកំណើតតាមប្រពៃណី រីឯជនរងគ្រោះទាំងពីរនាក់ទៀត បញ្ជូនទៅសង្គ្រោះនៅគ្លីនិកឯកជនសម្ភពពន្លឺ នៅសល់តែម៉ូតូនិងរថយន្ត ត្រូវកម្លាំងជំនាញវាស់វែងយកទៅរក្សាទុកបណ្តោះអាសន្ន នៅការិយាល័យនគរបាលចរាចរណ៍ផ្លូវគោក ស្នងការនគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយតាមនីតិវិធី៕
មតិយោបល់