ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

នាយសង់ស៊ីស ត្រូវបញ្ជូនទៅព្យាបាលនៅវៀតណាម

ភ្នំពេញៈ យោងតាមការបញ្ជាក់ពីក្រុមគ្រួសារ លោក ម៉ារីសុន ហៅនាយសង់ស៊ីស ត្រូវបានដឹកបញ្ជូនចេញពីកម្ពុជាទៅកាន់មន្ទីរពេទ្យក្នុងប្រទេសវៀតណាមនៅព្រឹកថ្ងៃទី៩ ខែសីហានេះហើយ បន្ទាប់ពីលោកនៅតែមិនអាចនិយាយបាន និងមានអាការៈធ្វើទុក្ខនៅឡើយនូវបញ្ហាមានសម្ពាធឈាមក្នុងខួរក្បាល។ ដំណើរនៃការចាកចេញនេះ នៅមិនទាន់ប្រាកដពីការត្រលប់វិញនោះទេ ដោយភាពជាក់ស្ដែងគឺស្ថិតនៅលើការកំណត់របស់វេជ្ជបណ្ឌិតរបស់វៀតណាម។

សុន ស្រីពេជ្រ បានថ្លែងប្រាប់ Post News ក្នុងពេលនាំយកថវិការបស់អ្នកនាង សឿ សុធារ៉ា ចំនួន៥០ដុល្លារទៅប្រគល់ឲ្យដល់ផ្ទះកាលពីល្ងាចថ្ងៃទី៨ សីហាថា កញ្ញានឹងបញ្ជូនលោកឪពុករបស់ខ្លួន គឺលោកនាយសង់ស៊ីសចេញទៅព្យាបាលនៅក្នុងប្រទេសវៀតណាម ដោយការចេញដំណើរត្រូវបានកំណត់តាំងពីម៉ោង៥ព្រឹកថ្ងៃទី៩ សីហានេះ។ នាងថាគម្រោងទៅព្យាបាលនៅវៀតណាម គឺនាងមិនទាន់ច្បាស់ថានឹងត្រូវពិនិត្យទៅលើបញ្ហាអ្វីខ្លះនោះទេ ប៉ុន្តែនាងនឹងតម្រូវឲ្យពេទ្យឆែកមើលសុខភាពរបស់ឪពុកទាំងអស់ ដើម្បីធ្វើយ៉ាងណាឲ្យលោក សង់ស៊ីស មានសភាពធូរស្បើយបានដូចដើម។

នាងនិយាយថា«យើងសម្រេចយកគាត់ទៅពេទ្យវៀតណាមព្រឹកហ្នឹង ព្រោះយើងអត់ចង់ឲ្យគាត់នៅតែទ្រុឌទ្រោមចឹងទេ គឺចង់ឲ្យគាត់និយាយបាន និងហូបអីបានឡើងវិញ!»។ នាងថាលោកសង់ស៊ីស និយាយបានតែមួយម៉ាត់ៗទាំងលំបាកបំផុត ដោយសារតែបញ្ហាសម្ពាធឈាមទាញសរសៃមាត់ និងបណ្ដាលមកពីសម្ពាធឈាមឡើងទៅបុកខួរក្បាលធ្ងន់ធ្ងរ ធ្វើឲ្យលោកបាត់បង់ការបញ្ជានូវសរីរាង្គមួយចំនួន។ ដោយសារតែហេតុផលនេះហើយ ដែលនាងត្រូវតែបញ្ជូនលោកទៅព្យាបាលនៅក្នុងប្រទេសវៀតណាម ដោយមិនអាចបន្តបណ្ដោយ។

នាងនិយាយថា«យូរហើយកាល៤ឆ្នាំមុន ពុកគាត់ធ្លាប់ទៅព្យាបាលនៅវៀតណាមម្ដងហើយ ដោយសារតែកាលនោះគាត់ចុកពេក ដោយឡែកលើកនេះ គឺយើងចង់ឲ្យពេទ្យមើលគាត់ទាំងអស់ជាពិសេសគឺបញ្ហាសម្ពាធឈាមក្នុងខួរក្បាល និងបញ្ហាដែលគាត់មិនអាចនិយាយបាននឹង!»។ នៅមិនទាន់ច្បាស់ថានាងត្រូវនៅកំដរឪពុករហូតដល់ថ្ងៃលោកសង់ស៊ីស ត្រលប់មកវិញឬយ៉ាងណានោះទេ ប៉ុន្តែបើគ្រូពេទ្យវៀតណាមទាមទារឲ្យលោកបន្តសម្រាកយូរថ្ងៃ គឺនឹងត្រលប់មកវិញ ដើម្បីកុំឲ្យប៉ះពាល់ការងាររកប្រាក់។ នាងបន្តថាក្រោយពេលយកឡានផ្ទាល់ខ្លួនទៅដល់ព្រំដែនបាវិត ពួកនឹងបន្តដោយរថយន្តរបស់វៀតណាមទៅកាន់ខេត្តព្រៃនគរ(ហូជីមិញ) ហើយតាមគម្រោងប្រហែលជាល្ងាចថ្ងៃទី៩ ខែសីហានេះ គឺលោកសង់ស៊ីស នឹងបានទៅសម្រាកក្នុងមន្ទីរពេទ្យវៀតណាម បន្ទាប់ពីបានទៅដល់៕

photo_2016-08-08_22-14-31photo_2016-08-08_22-14-34photo_2016-08-08_22-20-45photo_2016-08-08_22-20-51photo_2016-08-08_22-21-07photo_2016-08-08_22-21-14photo_2016-08-08_22-21-20photo_2016-08-08_22-21-26photo_2016-08-08_22-21-28photo_2016-08-08_22-52-00photo_2016-08-08_22-52-07

មតិយោបល់