ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

ឌីជេឡាយអ៊ិន រំឭករឿងផិតក្បត់ ក្រោយស្វាមីអតីតភរិយា ផ្ទុះរឿងឡើងតុលាការ

ភ្នំពេញ: ខណ:ដែលអតីតភរិយារបស់ ឌីជេឡាយអ៊ិន ត្រូវគេដឹងថា មានរឿងធំប៉ុនភ្នំ ព្រោះតែស្វាមីក្រោយរបស់នាង ដែលជាអ្នកជំនួញល្បីល្បាញ ត្រូវតុលាការឃុំខ្លួនពីបទចេញស្សែកស្អុយនោះ តារារូបនេះ មិនត្រឹមតែមិនអាណិតដល់ភរិយារបស់ខ្លួនប៉ុណ្ណោះទេ គឺថែមទាំងបន្ដចំអកធ្វើឲ្យក្លាយជារឿងរសើប។ លោកបានទាំងលើកពីរឿងផិតក្បត់របស់ភរិយាដែលកប់បាត់យូរមកហើយ ក្នុងន័យជាន់ពន្លិចដល់ការឈឺចាប់របស់នាងនាពេលកំពុងមានរឿងនេះផងដែរ។

ឌីជេ ឡាយអ៊ិន បានបង្ហោះការឈឺចាប់ជាសាធារណ:ថា កាលពីប៉ុន្មានឆ្នាំមុន ដោយសារលោកមិនមានជំនួញស្ដុកស្ដម្ភ ទើបធ្វើឲ្យភរិយារបស់លោកសុខចិត្តបីកូនដែលលោកមិនច្បាស់ថា ជាឈាមរបស់ខ្លួន ឬជាឈាមរបស់សាហាយចុះចោលលោក ទៅរស់នៅជាមួយបុរសវ័យជ្រេម្នាក់ ដែលជាអតីតសង្សាចាស់។ ក្រោយការចុះចេញរបស់ភរិយា លោកថា ជីវិតរបស់លោកបានធ្លាក់ដល់ចំណុចសូន្យ ដោយសារតែក្នុងពេលនោះ លោកបានចំណាយពេលខូចចិត្ត ហើយមិនបានធ្វើការអ្វីទាល់តែសោះ ព្រោះភាពអាម៉ាស់ និងឆ្អែតចិត្ត។

លោកបន្តថា ខ្លួនមិនខុសពីត្រូវចាប់ដុតទាំងរស់នោះទេ ក្នុងពេលដែលជីវិត ត្រូវបានអ្នកជំនួញល្បីឈ្មោះម្នាក់ ឆក់យកភរិយា និងបានទាំងធ្វើទុក្ខបុកម្នេញរហូតធ្វើលោកធ្លាក់ដល់សភាពទ័លច្រកលែងដូចមនុស្សម្នា។ អញ្ចឹងហើយ ទើបលោកបែរជាសើចសប្បាយបន្លប់ទុក្ខ បន្ទាប់ពីស្វាមីថ្មីរបស់អតីតភរិយាបានក្លាយជាជនជាប់ចោទដោយសារចេញស្សែកស្អុយ ហើយត្រូវបានតុលាការចាប់ខ្លួននាពេលថ្មីៗ។

ឌីជេឡាយអ៊ិន បញ្ជាក់ថា នេះគឺជាកម្មពៀរ និងថា អ្វីដែលបានកើតឡើងទៅលើគ្រួសាររបស់អតីតភរិយា និងលើអ្នកជំនួញដ៏ល្បីឈ្មោះម្នាក់ ដែលធ្លាប់បំផ្លាញលោកនោះ នៅមិនទាន់ស្មើដល់ការឈឺចាប់ដែលលោកបានទទួលនោះផង។

នេះជាការគាស់កកាយជាថ្មី បន្ទាប់ពីកន្លងមក គេបានត្រឹមតែដឹងថា ភរិយារបស់លោកផិតក្បត់រហូតធ្វើឲ្យលោកធ្លាក់ខ្លួន តែមិនបានដឹងថា អ្នកនាងរត់ទៅពាក់ពន្ធនឹងអ្នកជំនួញណាម្នាក់កាលពីមុន៕

មតិយោបល់