ព័ត៌មានជាតិ

គាស់បន្ទប់មេប៉ុស្តិ៍លួចយកកាំភ្លើងដើម្បីចេញប្លន់ បែរជាជាប់អន្ទាក់សមត្ថកិច្ច

កណ្តាល: នឹកស្មានមិនដល់មានរឿងគួរឲ្យភ្ញាក់ផ្អើលមួយបានកើតឡើង បន្ទាប់ពីជនសង្សយ័ពីរនាក់ បម្រុងចូលគាស់បន្ទប់លោកមេប៉ុស្តិ៍យកកាំភ្លើងចេញទៅប្លន់ តែចៃដន្យ ត្រូវបានកម្លាំងនគរបាលប៉ុស្តិ៍កំពង់សំណាញ់ ចុះល្បាតតាមមូលដ្ឋានឃើញទាន់ក៏ចាប់ឃាត់ខ្លួនបាន។ ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១២និង១០នាទី យប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅចំណុចប៉ុស្តិ៍នគរបាលរដ្ឋបាលកំពង់សំណាញ់ ភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល។

បើតាមលោកវរសេនីយ៍ ស៊ឹម ប៊ុតបណ្ឌឹត អធិការនគរបាលក្រុងតាខ្មៅ បានឲ្យដឹងថា ជនសង្ស័យមានគ្នា០២នាក់ គឺទី០១មានឈ្មោះ អុន រី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅភូមិព្រែកហូរកើត សង្កាត់ព្រែកហូរ ក្រុងតាខ្មៅ ខេត្តកណ្តាល។ និងជនសង្ស័យទី២ឈ្មោះ ចក់ សុផល ភេទប្រុស អាយុ៣១ឆ្នាំ ស្នាក់នៅភូមិស្ទឹងជ្រៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមិនពិតប្រាកដ។ ចំណែកឯជនរងគ្រោះឈ្មោះ សំរិទ្ធ សនសុជា ភេទប្រុស អាយុ៣៦ឆ្នាំ ស្នាក់នៅភូមិខ្ពបវែង សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនាយប៉ុស្តិ៍។

លោកអធិការបានប្រាប់ឲ្យដឹងទៀតថា មុនពេលកើតហេតុនៅវេលាកើតហេតុខាងលើ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាលកំពង់សំណាញ់ បានចេញល្បាតស្រាប់តែឃើញជនល្មើសទាំងពីរនាក់ខាងលើបានជិះម៉ូតូមកដល់ខាងក្រោយប៉ុស្តិ៍ដោយបិទភ្លើងម៉ូតូហើយជនល្មើសឈ្មោះចក់ សុផល បានចុះពីលើម៉ូតូដោយកាន់ឈើជ្រុងដើរសំដៅទៅផ្នែកខាងក្រោយប៉ុស្តិ៍បម្រុងធ្វើសកម្មភាព ភ្លាមនោះកម្លាំងនគរបាលប៉ុស្តិ៍ក៏បានធ្វើការឡោមព័ទ្ធស្ទាក់ចាប់ខ្លួនជនល្មើសបានទាំងពីរនាក់បានរួមទាំងវត្ថុតាងមានដូចជាកាំភ្លើងខ្លីជ័រ ពណ៌ខ្មៅ ចំនួន០១ដើម ,កាំបិតសាំងគីម ចំនួន០១,ទូរស័ព្ទដៃ០១គ្រឿងម៉ាកណូគាចុចពិល ពណ៌ស ,ឈើជ្រុងទំហំ៧សង់ទីម៉ែត្រ គុណ៤សង់ទីម៉ែត្រ ចំនួន០១ដើម ប្រវែង ១៤៥ សង់ទីម៉ែត្រ និងម៉ូតូ០១គ្រឿងម៉ាកស៊ុយសាគីស្មាស់វី ពណ៌ក្រហមលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1BA-2442 (មានបំពាក់ប្រដាប់សម្រាប់សណ្តោងរ៉ឺម៉ក)។

នៅចំពោះមុខសមត្ថកិច្ចជនល្មើសឈ្មោះ អុន រី បានសារភាពថាខ្លួននិងបក្ខពួកពិតជាមានបំណងលួចគាស់ប៉ុស្តិ៍កំពង់សំណាញ់ដើម្បីលួចយកកាំភ្លើងទុកសម្រាប់ធ្វើសកម្មភាពប្លន់នៅថ្ងៃក្រោយ។ ចំនែកឯជនល្មើសឈ្មោះចក់ សុផលបានសារភាពថា ខ្លួនមិនមានបំណងលួចគាស់ប៉ុស្តិ៍យកកាំភ្លើងទេ គឺគ្រាន់តែមានបំណងចូលលួចឈើដែលទុកនៅក្រោយប៉ុស្តិ៍ទុកធ្វើជន្ទុលរ៉ឺម៉កកង់បីរបស់ខ្លួនប៉ុណ្ណោះ រីឯកាំ
ភ្លើងជ័រ និងកាំបិតសាំងគីម វិញខ្លួនទុកសម្រាប់ភ្ជង់គំរាមគេដើម្បីយកលុយ និងទូរស័ព្ទពេលយប់តែមិនទាន់បានប្រព្រឹត្តទេ។ចំពោះគ្រឿងញៀនវិញជនល្មើសទាំងពីរនាក់បានឆ្លើយថាខ្លួនមិនធ្លាប់ប្រើប្រាស់ឡើយ។ លោកអធិការបានបញ្ជាក់ថា ជនសង្សយ័ទាំងពីនាក់ ទើបនឹងចេញពីពន្ធនាគារពីបទលួច ។ ហើយបច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចបញ្ជូនមកកាន់អធិការដ្ឋានគរបាលក្រុងតាខ្មៅ ដើម្បីធ្វើការសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់ ៕

ចោរ

ចោរ

ចោរ

មតិយោបល់