ភ្នំពេញៈ យោងតាមផេកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានឲ្យដឹងថា នៅថ្ងៃទី៤ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១និង៣០នាទីរំលងអធ្រាត្រ មានករណីឃាតកម្ម យកដាវកាប់បណ្ដាលឲ្យស្លាប់ នៅចំណុចលើផ្លូវបេតុង ភូមិវែង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
ជនសង្ស័យដែលត្រូវសមត្ថកិច្ចឃាត់ខ្លួនរួមមាន៖
១.ឈ្មោះ អេន សុខាក់ ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងជួសជុលម៉ូតូ មានទីលំនៅភូមិបួនមុខ សង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
២.ឈ្មោះ មឿន វណ្ណា ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រៃពង្រ សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។
៣.ឈ្មោះ អ៊ី ភីរក្ស ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ដូរ មានទីលំនៅភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ភ្នំពេញ។
ជនរងគ្រោះក្នុងហេតុការនោះរួមមាន៖
១.ឈ្មោះ ម៉ុន សុភ័ក្ត្រ ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្ដាល (ស្លាប់)។
២.ឈ្មោះ ចាន់ ស៊ីដាត ភេទប្រុស អាយុ ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងដែក មានទីលំនៅជាមួយជនរងគ្រោះ (របួសធ្ងន់)។
៣.ឈ្មោះ ហៃ ហឿន ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ មានទីលំនៅជាមួយជនរងគ្រោះ (របួសធ្ងន់)។
សម្ភារៈបន្សល់ទុក និងស្លាកស្នាម៖
១.ម៉ូតូម៉ាកស៊ុយស៊ូគីនិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ ១CR.២៧៤១ ចំនួន ០១គ្រឿង។
២.ស្នាមរយៈចំហៀងក្បាលផ្នែកខាងស្ដាំទំហំ១៦Cm ចំនួន០១កន្លែង និងស្នាមរយៈខ្នងដល់ឆ្អឹងទំហំ៤.១០Cm ចំនួន០១កន្លែង។
នៅពេលកើតហេតុ ជនរងគ្រោះ និងឈ្មោះ ចាន់ ស៊ីដាត, ឈ្មោះ ហៃ ហឿន និងមិត្តភក្កិចំនួន០២នាក់ទៀត ជិះម៉ូតូចំនួន០២គ្រឿង ចេញពីហាងផឹកស៊ីមួយកន្លែង ដែលមានយីហោ ម្លប់ស្បូវ នៅសង្កាត់ពន្សាំង ដោយឈ្មោះ ហៃ ហឿន ជាអ្នកឌុបជនរងគ្រោះ លុះដល់ចំណុចកើតហេតុខាងលើ ស្រាប់តែជនសង្ស័យចំនួន ០៣នាក់ ខាងលើ ជិះម៉ូតូមកបុកម៉ូតូជនរងគ្រោះ បណ្ដាលឲ្យដួលរួចជនសង្ស័យ ក៏បានធ្វើសកម្មភាពយកដាវកាប់ ទៅលើជនរងគ្រោះ ចំក្បាលផ្នែកខាងស្ដាំចំនួន ០១កន្លែង និងខ្នងចំនួន ០១កន្លែង បណ្ដាលឲ្យរបួសធ្ងន់ ដោយស្ថានភាពធ្ងន់ធ្ងរពេក ជនរងគ្រោះក៏បានស្លាប់ នៅពេលបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រ។ ចំណែកជនរងគ្រោះចំនួន ០២នាក់ទៀត រងរបួសធ្ងន់។រហូតដល់វេលាម៉ោង១២និង៣០នាទី ថ្ងៃទីខែឆ្នាំដដែល កម្លាំងផ្នែកយុត្តិធម៌ខណ្ឌព្រែកព្នៅ បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពញាពន់ និងកម្លាំងការិយាល័យ ព្រហ្មទណ្ឌកំរិតធ្ងន់ នៃស្នងការដ្ឋាននគរបាល រាជធានីភ្នំពេញ ចុះធ្វើការស្រាវជ្រាវដល់ទីតាំងកើតហេតុ បានឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ អេន សុខាក់ ភេទប្រុស យកមកធ្វើការសាកសួរនៅប៉ុស្តិ៍។
ដោយមានការចង្អុលបង្ហាញពីជនសង្ស័យឈ្មោះ អេន សុខាក់ វេលាម៉ោង១៦ និង៣០នាទី ទើបកម្លាំងសមត្ថកិច្ចចុះអន្តរាគមន៍ ឃាត់ខ្លួនជនសង្ស័យម្នាក់ទៀតឈ្មោះ មឿន វណ្ណា នៅចំណុចភូមិព្រៃជ្រៅ ឃុំអមលាំង ស្រុកថ្ពង ខេត្តកំពង់ស្ពឺ។
នៅវេលាម៉ោង២១ និង០០នាទី ដោយមានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ មឿន វណ្ណា ថាខ្លួនបានប្រព្រឹត្តអំពើឃាតកម្មជាមួយឈ្មោះ អ៊ី ភីរក្ស ទើបកម្លាំងសមត្ថកិច្ច ធ្វើការឃាត់ជនសង្ស័យម្នាក់ទៀតឈ្មោះ អ៊ី ភីរក្ស នៅចំណុចភូមិបឹង សង្កាត់ពញាពន់ ខណ្ឌព្រែកព្នៅ ភ្នំពេញ។
ឆ្លងតាមការបំភ្លឺ ពាក្យបណ្ដឹង វត្ថុតាងចាប់យក និងចម្លើយសារភាពរបស់ជនសង្ស័យចំនួន ០៣នាក់ខាងលើ ថាខ្លួនពិតជាបានប្រព្រឹត្ត ករណីដូចខាងលើពិតប្រាកដមែន។
បច្ចុប្បន្នជនសង្ស័យចំនួន ០៣នាក់ខាងលើ ត្រូវបានបញ្ជូនអធិការដ្ឋាននគរបាល ខណ្ឌព្រែកព្នៅ ដើម្បីកសាងសុំណុំរឿង បញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធីច្បាប់។
ដោយមានការឯកភាពពីលោក ហេង ផេង ព្រះរាជ្ងារងនៃអយ្យការអម សាលាដំបូងរាជធានីភ្នំពេញ បានឯកភាពអោយកម្លាំងសមត្ថកិច្ច ធ្វើការប្រគល់សពជនរងគ្រោះឲ្យទៅក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី នៅភូមិស្វាយ ឃុំឈ្វាំង ស្រុកពញាឮ ខេត្កកណ្ដាល៕
មតិយោបល់