ព័ត៌មានជាតិ

ស្ទះចរាចរណ៍..ដាក់ជើង​ជ្រែងម៉ូតូ ប៉ះចំកង់រ៉ឺម៉កកិនបាក់ជើងម្ខាង

ភ្នំពេញ: បុរសម្នាក់រងរបួសបាក់ស្មងជើងស្តាំធ្ងន់ ខណ:ដែលកំពុងជិះម៉ូតូលើផ្លូវកំពុងកកស្ទះ គ្រាន់តែដាក់ទម្លាក់ជើងជ្រែងទប់ម៉ូតូ ប៉ះចំកង់រ៉ឺម៉កដឹកដែក បណ្តាលឲ្យកិនតែម្តង នៅវេលាម៉ោង៨ព្រឹក ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ នៅតាមផ្លូវបេតុង ក្នុងភូមិតាងួន សង្កាត់កាកាប១ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ចាន់ ប៊ុនធឿន ភេទប្រុស អាយុ៦២ឆ្នាំ មានទីលំនៅភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ​។

តាមប្រភពនៅកន្លែងកើតហេតុ បានឲ្យដឹងថា មុនកើតហេតុ ជនរងគ្រោះជិះម៉ូតូចេញពីផ្ទះក្នុងគោលបំណងឆ្ពោះទៅកន្លែងធ្វើការងារ ដោយជិះម៉ូតូមួយគ្រឿងម៉ាក ហុងដា សេ១២៥ ស៊េរី២០១៦ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ 1FL-4884 ធ្វើដំណើរកាត់តាមផ្លូវបេតុងខាងលើ ពីកើតទៅលិច ខណ:ដែល​កំពុងកកស្ទះចរាចរណ៍ ជនរងគ្រោះ បានទម្លាក់ជើងស្តាំចេញពីឈ្នាន់ដើម្បីទប់ជ្រែងម៉ូតូ គាប់ជួន​ប៉ះចំកង់រ៉ឺម៉កដឹកដែក ដែលកំពុងបើកស្របទិសនៅខាងស្តាំម៉ូតូជនរងគ្រោះ កិនបាក់ស្មងជើងស្តាំ​តែម្តង។

ក្រោយពេលកើតហេតុ ភាគីសាច់ញាតិ​ខាងជនរងគ្រោះ មកដល់កន្លែងកើតហេតុ ទើបដឹងថា ទាំងជនរងគ្រោះ ទាំងអ្នកបើកបររ៉ឺម៉កដឹកដែក ជាអ្នកស្គាល់គ្នា​ទើបសុំប៉ូលិស​ទៅរៀងខ្លួន ជនរងគ្រោះត្រូវបានក្រុមគ្រួសារ​ដឹកបញ្ជូនតាមម៉ូតូកង់បីយកទៅមន្ទីរពេទ្យ មិនរំខានដល់សមត្ថកិច្ចឡើយ​៕​

មតិយោបល់