ភ្នំពេញៈ នៅថ្ងៃទី៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី មានករណីបុរសម្នាក់ ព្រោះតែជីវភាពក្រីក្រ បានតខ្សែភ្លើងភ្ជាប់ចរន្តអគ្គិសនី ដើម្បីឆក់ត្រីនៅវាលស្រែខាងក្រោយផ្ទះរបស់ខ្លួន បណ្តាលឲ្យឆក់ស្លាប បង្កឲ្យមានការភ្ញាក់ផ្អើលកើតឡើង នៅត្រង់ចំណុចវាលស្រែ ស្ថិតក្នុងភូមិព្រះធាតុ សង្កាត់រលួស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។
សពជនរងគ្រោះឈ្មោះ គិន សំអុល ភេទប្រុស អាយុ៤៨ ឆ្នាំ មុខរបរកសិករ ទីលំនៅភូមិ-សង្កាត់កើតហេតុ ។
ដំណើររឿង៖ នៅថ្ងៃកើតហេតុ ជនរងគ្រោះ (សាកសព) បានតខ្សែភ្លើង ចេញពីក្នុងផ្ទះរបស់ខ្លួនទៅឆក់ត្រី នៅឯវាលស្រែខាងក្រោយផ្ទះ ដែលមានចំងាយប្រហែល០៥ម៉ែត្រ ពេលនោះជនរងគ្រោះបានប៉ះចំខ្សែភ្លើងដាច់រលាត់ បណ្តាលឲ្យឆក់ស្លាប់តែម្តង ។ ករណីនេះ ដោយសារបុរសខាងលើ គាត់មានជីវភាពក្រក្រី ដែលសព្វថ្ងៃប្រពន្ធទៅធ្វើការនៅភ្នំពេញ ហើយមានកូនចំនួន៥នាក់ នៅក្នុងបន្ទុកគ្រួសារ ។ ជនរងគ្រោះបានយកខ្សែភ្លើងតភ្ជាប់ចរន្តអគ្គិសនី ដើម្បីឆក់យកត្រីនៅចំណុចកើតហេតុ គ្រាន់បានដោះដូរភាពខ្វះខាត ប៉ុន្តែក៏ជួបគ្រោះអកុសលកើតឡើងចំពោះគាត់ ដោយធ្វេសប្រហែស មិនបានប្រុងប្រយ័ត្នឲ្យគ្រប់ជ្រុងជ្រោយ ក៏បណ្តាលឲ្យឆក់ស្លាប់បាត់បង់ជីវិតនៅកន្លែងកើតហេតុតែម្តង ។
ក្រោយពេលកើតហេតុកម្លាំងសមត្ថកិច្ចជំនាញរបស់ការិយាល័យបានចុះទៅធ្វើកោសល្យវិច្ច័យ និងវិភាគកន្លែងកើតហេតុ រួចបានសន្និដ្ឋានថា ជនរងគ្រោះពិតជាចរន្តអគ្គិសនីឆក់ស្លាប់ខ្លួនឯងប្រាកដមែន។
បច្ចុប្បន្ន សាកសពជនរងគ្រោះ បានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់