ព័ត៌មានជាតិ

បងប្អូនប្រុងប្រយ័ត្ន! មន្រ្តីជំនាញរកឃើញ ទឹកក្រូច និងប្រហិតសាច់ក្ដាម ហួសកាលបរិច្ឆេទប្រើប្រាស់

ឧត្តរមានជ័យៈ យោងតាមផេក អគ្គ. ការពារអ្នកប្រើប្រាស់ កិច្ចប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ បានឲ្យដឹងថា នៅថ្ងៃព្រហស្បតិ៍ ៦រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប. ខេត្តឧត្តរមានជ័យ ដោយមានការសហការពីមន្ទីរពាណិជ្ជខេត្ត គណៈកម្មការផ្សារ និងអាជ្ញាធរមូលដ្ឋាន បានចុះផ្សព្វផ្សាយអំពីគុណភាព សុវត្ថិភាពម្ហូបអាហារ និងធ្វើការត្រួតពិនិត្យផលិតផលម្ហូបអាហារ និងគ្រឿងឧបភោគ បរិភោគ នៅផ្សារសាមគ្គីត្រពាំងប្រាសាទ ស្ថិតក្នុងភូមិត្រពាំងប្រាសាទ ឃុំត្រពាំងប្រាសាទ ស្រុកត្រពាំងប្រាសាទ ខេត្តឧត្តរមានជ័យ។

ក្នុងសកម្មភាពត្រួតពិនិត្យ មន្ត្រីជំនាញបានធ្វើការវិភាគបឋមរកសារធាតុគីមីហាមឃាត់នៅលើគំរូចំនួន ០៧ គំរូ រួមមាន៖ សរសៃគុយទាវ បាញ់កាញ់ មីលឿង បង្គា មឹក ប្រហិតសាច់គោ និងប្រហិតសាច់ជ្រូក ដើម្បីស្វែងរកសារធាតុគីមីហាមឃាត់ដែលធ្វើអោយប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានោះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផលម្ហូបអាហារផងដែរ ។

ជាលទ្ធផលមន្ត្រីជំនាញ បានរកឃើញទំនិញខូចគុណភាព និងហួសកាលបរិច្ឆេទប្រើប្រាស់មួយចំនួនរួមមាន៖
– ទឹកក្រូចចម្រុះ ចំនួន ១៧ ដប ស្មើនឹង ២១.២៥ លីត្រ
– ប្រហិតសាច់ក្ដាម ចំនួន ០២ កញ្ចប់ ស្មើនឹង ២ គីឡូក្រាម
សរុបទំនិញដកហូតបានចំនួន ២៣.២៥ គីឡូក្រាម។

បន្ទាប់មកមន្រ្តីជំនាញបានធ្វើកំណត់ហេតុដកហូតផលិតផលទាំងនោះ មករក្សាទុកដើម្បីដុតកម្ទេចចោលនាពេលក្រោយតាមនីតិវិធី។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋនឹងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

មតិយោបល់