ព័ត៌មានជាតិ

ឈាមស្រែក ស្បែកហៅ! ចាប់ខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណីឃាតកម្ម សម្លាប់មិត្តភក្កិ កាលពីជិត៨ខែមុនឲ្យធ្វើត្រាប់

កណ្តាលៈ នៅថ្ងៃទីសៅរ៍ ៨រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី១០ ខែតុលា ឆ្នាំ២០២០ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត បានដឹកនាំកម្លាំងពាក់ព័ន្ធ នាំខ្លួនជនសង្ស័យពីរនាក់ ពាក់ព័ន្ធករណី ឃាតកម្ម កាលពីជិត៨ខែមុន ធ្វើត្រាប់ពីសកម្មភាពសម្លាប់មិត្តភក្តិខ្លួន នៅចំណុចចម្ការស្វាយ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្តាល។

គួររំលឹកថា កាលពីថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ១៥និង៤០នាទី ដោយមានការចង្អុលបង្ហាញពីលោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្ដាល លោកស្នងការរងទទួលផែនការងារព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល ដឹកនាំកម្លាំងការិយាល័យជំនាញ និងកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ សហការជាមួយកម្លាំងនាយកដ្ឋានព្រហ្មទណ្ឌ មន្ត្រីជំនាញបច្ចេកវិទ្យានិងវិទ្យាសាស្ត្រ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ និង មានការសម្របសម្រួលនីតិវិធីពី លោក ជីវ ចាន់តារា ព្រះរាជអាជ្ញា នៃអយ្យការអមសាលាដំបូងខេត្តតាកែវ និងលោក ទិន សុចិត្រា ព្រះរាជអជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកណ្ដាលបានធ្វើការឃាត់ខ្លួន ជនសង្ស័យម្នាក់ឈ្មោះ វិច ឆៃ ភេទប្រុស អាយុ២៣ឆ្នាំ សញ្ជាតិខ្មែរ នៅចំណុច ភូមិសែនបន ឃុំលាយបូរ ស្រុកត្រាំកក់ ខេត្តតាកែវ ដែលមានទីលំនៅ ភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ពាក់ព័ន្ធករណី ឃាតកម្ម ប្រព្រឹត្តឡើងកាលពីថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២០ នៅចំណុចខាងកើតទំនប់ទទឹងថ្ងៃ ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល។

ក្រោយពីឃាត់ខ្លួនជនសង្ស័យខាងលើ កម្លាំងផែនការងារនគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ បានប្រគល់ជនសង្ស័យជូនកម្លាំងផ្នែកនគរបាលយុត្តិធម៌ នៃអធិការដ្ឋាននគរបាលស្រុកកោះធំ ដើម្បីបន្តចាត់ការតាមនីតិវិធី។

តាមចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ វិច ឆៃ ថា រូបខ្លួនពិតជាបានចូលរួមធ្វើសកម្មភាពសម្លាប់ទៅលើជនរងគ្រោះឈ្មោះ ផន សុខខន (ហៅ អឹប) ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល និងបានអូសយកសាកសពទៅកប់ចោល នៅក្នុងចម្ការស្វាយ ត្រង់ព្រំប្រទល់ដីរបស់ឈ្មោះ សល់ និងឈ្មោះ ប្រុស ស្ថិតនៅខាងកើតទំនប់ទទឹងថ្ងៃ រំលង០៣ក្បាលដី ស្ថិតក្នុងភូមិព្រែកថ្មី ឃុំព្រែកថ្មី ស្រុកកោះធំ ខេត្តកណ្ដាល ប្រាកដមែន។ ការសម្លាប់ទៅលើឈ្មោះ ផន សុខខន នោះគឺ មិត្តភក្ក្រ ខ្លួនឈ្មោះ ដូយ ផៃ (ហៅនិល) ភេទប្រុស អាយុ២៥ឆ្នាំ ជាអ្នកសម្លាប់នៅពេលដែលពួកគេទាំង០៣នាក់ កំពុងជក់គ្រឿងញៀនជាមួយគ្នា ដោយកាលនោះគឺឈ្មោះ ដូយ ផៃ បានខឹងទៅលើជនរងគ្រោះឈ្មោះ ផន សុខខន ថា បឺតជក់យូរជាងគេ រួចក៏បានចាប់សក់ក្បាលបោកទៅក្រោយបុកទៅនិងគល់ស្វាយ បណ្ដាលឱ្យស្លាប់តែម្ដង៕

មតិយោបល់