ព័ត៌មានជាតិ

រន្ធត់ណាស់! រថយន្តបើកលឿន ខ្វះការប្រុងប្រយ័ត្ន បុកម៉ូតូពេញទំហឹង បណ្តាលឲ្យស្រ្តីម្នាក់ស្លាប់ នៅផ្លូវជាតិលេខ៦

សៀមរាប: នៅថ្ងៃអង្គារ ១១រោច ខែអស្សុជ ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ ត្រូវនឹងថ្ងៃទី១៣ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១ និង ០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍លើកំណាត់ផ្លូវជាតិលេខ៦ រថយន្តបុកម៉ូតូបណ្តាលឲ្យស្រ្តីម្នាក់ ស្លាប់ នៅកន្លែងកើតហេតុ នៅចំណុចចន្លោះបង្គោលគីឡូលេខ 294 -295 ស្ថិតក្នុងភូមិស្វាយជ័យ ឃុំត្រពាំងធំ ស្រុកបាសាទបាគង ខេត្តសៀមរាប ។

ករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តមួយគ្រឿងម៉ាក សាំយ៉ុង មិនស្គាល់ផ្លាកលេខ បើកបរមានទិសដៅពីកើតទៅលិច ។ លុះបើកបរមកដល់ចំណុចកើតហេតុបានបុកម៉ូតូមួយគ្រឿងម៉ាក ហុងដាដ្រីម ស៊េរីឆ្នាំ២០២០ មានផ្លាកលេខ សៀមរាប 1AH 1113 ពណ៌ខ្មៅ បើកបរដោយឈ្មោះ ហ៊ុន ឆាយ ភេទស្រី អាយុ២៩ឆ្នាំ សញ្ជាតិខ្មែរ មានទីលំនៅភូមិជីគៀក ឃុំកៀនសង្កែ ស្រុកសូទ្រនិគម ខេត្តសៀមរាប ( ស្លាប់ ) បើកបរមានទិស ដៅពីលិចទៅកើត ។ ក្រោយពេលកើតហេតុរថយន្តបង្ករត់គេចខ្លួនបាត់ ស្រមោល ។

មូលហេតុ៖ រថយន្ត បើកបរមានល្បឿនលឿន ខ្វះការប្រុងប្រយ័ត្ន។

ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះទៅពិនិត្យ សាកសព ធ្វើកំណត់ហេតុ និងយកវត្ថុតាងទៅរក្សាទុកជាបណ្តោះអាសន្ន ដើម្បីបន្តអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ។ សាកសពស្រ្តីរងគ្រោះ ត្រូវបានប្រគល់ជូនសាច់ញាតិ យកធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់