ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា កាលពីព្រឹកថ្ងៃទី១៣ខែតុលាឆ្នាំ២០២០ យោងតាមស្ថានភាពទឹកជំនន់នៅតែបន្តលិចលើកំណាត់ផ្លូវជាតិក៏ដូចជាផ្លូវលំមួយចំនួននៅក្នុងខេត្តពោធិ៍សាត់ និងតាមការចង្អុលការណែនាំរបស់លោកឧត្តមសេនីយ៍ទោ ស ថេង ស្នងការនគរបាលខេត្ត លោកឧត្តមសេនីយ៍ត្រី នូវ តាល់ ស្នងការរងផែនការងារនគរបាលសណ្តាប់ធ្នាប់បានបែងចែកកម្លាំងចុះត្រួតពិនិត្យ និងសម្របសម្រួលគោលដៅបិទចរាចរណ៍រថយន្តធន់ធ្ងន់ឆ្លងកាត់ចំនួន២ គោលដៅនៅផ្លូវជាតិលេខ៥ ជាបណ្តោះអាសន្ន គឺគោលដៅទី១ ស្ថិតត្រង់ចំណុចខាងកើតនៅរង្វង់មូលផ្ទិល និង គោលដៅទី២ ត្រង់ចំណុចខាងលិចកន្លែងជញ្ជីញថ្លឹងឡាន ។
លោកឧត្តមសេនីយ៍ត្រី នូវ តាល់ បានបញ្ជាក់ឲ្យដឹងថា ការបិទមិនឲ្យរថយន្តធន់ធ្ងន់ធ្វើចរាចរណ៍ឆ្លងកាត់លើផ្លូវជាតិលេខ៥នៅចំណុចគោលដៅទាំង២ខាងលើនេះ ក្នុងគោលបំណងដើម្បីការពារស្ពាន និងផ្លូវជាតិកុំខូចខាត និងការបង្ការទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ដែលកើតឡើងជាយថាហេតុនៅក្នុងខណ:គ្រោះទឹកជំនន់ដែលកំពុងជន់លិចហូរលើផ្លូវ ៕
មតិយោបល់