ព័ត៌មានជាតិ

ឃាត់ខ្លួនពេទ្យធ្មេញម្នាក់បើករថយន្តបុកម៉ូតូរួចថយក្រោយកិនបន្ថែមបណ្តាលឲ្យស្លាប់ម្នាក់របួសធ្ងន់ម្នាក់

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា​កាលពីថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទីយប់នៅចំណុចផ្លូវ១៧៣ប្រសព្វផ្លូវ៣២៨ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃទី១ ខណ្ឌបឹងកេងកង មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងរវាងរថយន្តម៉ាកLexusNX200Tពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2BH-8494ជាមួយម៉ូតូម៉ាកHondaC125ពណ៍ខ្មៅពាក់ស្លាកលេខកណ្តាល1AI-3848។
ប្រភពព័ត៌មានបានឲ្យដឹងថាមុនពេលកើតហេតុរថយន្តLexus200Tបានបើកបរតាមបណ្តោយផ្លូវ១៧៣ទិសដៅពីជើងទៅត្បូង។លុះដល់កន្លែងកើតបានបុកម៉ូតូ១គ្រឿងពីក្រោយរួចហើយថយរថយន្តមកក្រោយកិនបន្ថែមទៀតបណ្តាលឲ្យអ្នកបើកម៉ូតូស្លាប់នៅកន្លែងកើតហេតុនិងអ្នករួមដំណើរម៉ូតូម្នាក់រងរបួសធ្ងន់។
សមត្ថកិច្ចបានឲ្យដឹងថាអ្នកបើកបររថយន្តបង្កមានឈ្មោះយ៉ាន់ណាលីណាភេទប្រុសអាយុ៣០ឆ្នាំជនជាតិខ្មែរមុខរបរពេទ្យធ្មេញស្នាក់នៅផ្ទះលេខ៥អឹមក្រុមទី៤ភូមិព្រៃព្រីងខាងត្បូងទី១សង្កាត់ចោមចៅទី២ខណ្ឌពោធិ៍សែនជ័យ(បន្ទាប់កើតហេតុត្រូវបានកម្លាំងសមត្ថកិច្ចឃាត់ខ្លូនរួមនឹងរថយន្ត)។
ភាភីម៉ូតូជាជនរងគ្រោះបើកបរដោយឈ្មោះខុនតុងភេទប្រុសអាយុ១៩ឆ្នាំមុខរបរកម្មករសំណង់ស្នាក់នៅផ្លូវបេតុងភូមិ០១សង្កាត់ស្ទឹងមានជ័យ១ខណ្ឌមានជ័យ(ស្លាប់)និងអ្នករួមដំណើរឈ្មោះពៅម៉ត់ភេទប្រុសអាយុ១៧ឆ្នាំមុខរបររត់កង់បីស្នាក់នៅភូមិស្រះកែវសង្កាត់ក្រាំងស្វាយស្រុកព្រះស្តេចខេត្តព្រៃវែង(របួសធ្ងន់)។
ករណីនេះសមត្ថកិច្ចនៃការិយាល័យចរាចរណ៍ផ្លូវគោកកំពុងតែរៀបចំសំណុំឯកសារបញ្ជូនទៅតុលាការដើម្បីអនុវត្តបន្តតាមនីតិវិធីច្បាប់៕

 

មតិយោបល់