ភ្នំពេញៈ នារីម្នាក់ ត្រូវបុរសជាជនសង្ស័យ ដែលនាងទើបស្គាល់មិនទាន់បានពីខែផង បបួលមកភ្នំពេញ ដើម្បីរកការងារធ្វើ បោកយកម៉ូតូទៅបាត់ ថែមទាំងគំរាមសម្លាប់ទៀត។
ហេតុការណ៍នេះ បានកើតឡើងតាំងពីចុងខែកក្កដា ឆ្នាំ ២០២០កន្លងមក តែនារីរងគ្រោះ ទើបបានមកដាក់ពាក្យប្តឹង នៅថ្ងៃទី១៥ ខែតុលាឆ្នាំ ២០២០នេះ។
ជនសង្ស័យឈ្មោះ ញើង អ៊ាង អាយុ៣២ឆ្នាំ មានស្រុកកំណើត ភូមិ កោះចំការ ឃុំបឹងសាលាខាងត្បូង ស្រុកកំពង់ត្រាច ខេត្តកំពត។
ជនរងគ្រោះឈ្មោះ យ.ស អាយុ២៣ឆ្នាំ ជាអ្នករត់តុ នៅភោជនីយដ្ឋានមួយ នៅក្នុងសង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ ។ ម៉ូតូដែលជនសង្ស័យ ជិះយកទៅនោះ ម៉ាក ស៊ូមើ ពណ៌លឿងលាយស ស៊េរី២០១៧ ពាក់ផ្លាកលេខ កំពង់ធំ 1N-2850។
ដំណើររឿង៖ នៅមុនកើតហេតុ ជនរងគ្រោះ បានទៅរកបន្ទប់ជួលស្នាក់នៅ ជិតម្ដុំវត្តគៀនឃ្លាំង ពេលដែលជួលបន្ទប់បានហើយ ជនសង្ស័យបាននិយាយពាក្យសម្ដីដ៏ផ្អែម លួងលោមនាងខ្ចីម៉ូតូនារីរងគ្រោះ ជិះទៅម្ដុំចោមចៅ និងផ្លូវវេងស្រេង ដើម្បីទៅរកការងារធ្វើ តែពេលជនសង្ស័យត្រឡប់មកដល់បន្ទប់ជួលវិញ មិនឃើញម៉ូតូ ជនរងគ្រោះ បានសួរថា «ឯណាម៉ូតូ?» ជនសង្ស័យបានប្រាប់នាងវិញថា ម៉ូតូរូបគេបានផ្ញើទុកនៅកន្លែងឃ្លាំង ទាល់តែម្ចាស់គេមកវិញ ទើបយកបាន។
ប្រភពដដែលបន្តថា ក្រោយមកជនសង្ស័យ បានទៅបាត់រហូត រូបនាងបានទាក់ទងតាមទូរស័ព្ទសួររក ទើបជនសង្ស័យឆ្លើយប្រាប់នាងវិញថា ម៉ូតូបានបាត់ហើយ រួចគំរាមនាងវិញថា បើហ៊ានប្រាប់ទៅដល់ម្ដាយ និងក្រុមគ្រួសារ ឬប្ដឹងសមត្ថកិច្ចនោះ គេនឹងសម្លាប់ចោល ដោយសារនាងភ័យ ហើយខ្លាចការគំរាមផង ទើបមិនហ៊ានប្រាប់ទៅដល់ក្រុមគ្រួសារឲ្យបានដឹង។ រហូតមកដល់ថ្ងៃទី១៥ ខែតុលា ឆ្នាំ២០២០នេះ ក៏បានបែកធ្លាយរឿងនេះ ទៅដល់ម្ដាយ និងប្អូនស្រី ទើបស្រ្តីជាម្ដាយ ចេញដំណើរពីស្រុកមកជួបកូន នៅបន្ទប់ជួល រួចនាំទៅដាក់ពាក្យបណ្ដឹង នៅសមត្ថកិច្ចប៉ុស្តិ៍ជ្រោយចង្វា ខណ្ឌជ្រោយចង្វា ដើម្បីឲ្យជួយស្វែងរក ចាប់ជនឆបោករូបនេះ មកផ្ដន្ទាទោសទៅតាមផ្លូវច្បាប់៕
មតិយោបល់