ព័ត៌មានជាតិ

ប្រជាពលរដ្ឋបង់សំណាញ់ជាប់ ម៉ូតូស្កុបពី១គ្រឿង កំពុងស្វែងរកម្ចាស់

កំពង់ឆ្នាំង: ប្រជាពលរដ្ឋបង់សំណាញ់ជាប់ម៉ូតូមួយគ្រឿង នៅចំណុចតាមប្រឡាយទឹកមួយកន្លែង ម៉ាកscopyពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 1HI-8790 ឆ្នាំ២០១៩ កាលពីវេលាម៉ោង៥និង១០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២០ ស្ថិតក្នុងភូមិស្វាយគយ ឃុំពន្លៃ ស្រុកបរិបូណ៌ ខេត្តកំពង់ឆ្នាំង។

ប្រភពព័ត៌មានបានឲ្យដឹងថានៅរសៀលថ្ងៃទី១៧នេះថា ម៉ូតូស្កុបពីពណ៌សដូចដែលបានរៀបរាប់ខាងលើនេះ គឺត្រូវបានប្រជាពលរដ្ឋទៅបង់សំណាញ់តាមប្រឡាយបានឃើញ ដោយមិនទាន់ដឹងពីមូលហេតុនៅឡើយថាតើហេតុអ្វីបានជាម៉ូតូនេះទៅនៅក្នុងប្រឡាយទឹកយ៉ាងដូច្នេះទៅវិញ ។

ប្រភពពីសមត្ថកិច្ចដដែលបានបន្តឲ្យដឹងទៀតថា បើតាមការរៀបរាប់ពីប្រជាពលរដ្ឋដែលបានបង់សំណាញ់ហើយប្រទះឃើញម៉ូតូខាងលើនេះ បានរៀបរាប់ប្រាប់សមត្ថកិច្ចថា ពេលដែលគាត់បានបង់សំណាញ់ចូលទៅក្នុងទឹកហើយស្រាវសំណាញ់មកវិញមិនរួច គាត់នឹកស្មានថាសំណាញ់ជាប់ថ្ម ក៏បានចុះទៅដោះសំណាញ់ក្នុងទឹក ហើយ ក៏បានប្រទះឃើញម៉ូតូដែលមានភិនភាគដូចខាងលើនេះ ជាប់សំណាញ់របស់គាត់ ខណ:នោះគាត់ក៏បានទូរស័ព្ទមកលោកដែលជានាយប៉ុស្តិ៍រដ្ឋបាលឃុំពន្លៃផ្ទាល់ ដើម្បីចុះទៅពិនិត្យមើលនៅទីតាំងកន្លែងកើតហេតុ។
បច្ចុប្បន្នសមត្ថកិច្ច ក៏កំពុងតែស្វែងរកម្ចាស់ម៉ូតូ និងធ្វើការស្រាវជ្រាវ រកពីមូលហេតុ ថាតើហេតុអ្វីបានជាម៉ូតូនេះទៅនៅក្នុងប្រឡាយទឹក ហើយពុំមានសេចក្តីរាយ ការណ៍ណាមួយដល់សមត្ថកិច្ច ពាក់ព័ន្ធទៅនឹងការបាត់ម៉ូតូនៅក្នុងមូលដ្ឋាននេះកន្លងមកផងដែរ៕

 

មតិយោបល់