ព័ត៌មានជាតិ

យុវជនម្នាក់ត្រូវប្រជាពលរដ្ឋប្រទះឃើញស្លាប់អណ្តែតក្នុងទឹកស្រះ

ពោធិ៍សាត់ៈ យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា យុវជនម្នាក់មានសតិមិនប្រក្រតី ព្រមទាំងមានជម្ងឺប្រចាំកាយ ត្រូវបានកុមារីឈ្មោះ ស៊ីណា អាយុ ១២ឆ្នាំ ប្រទះឃើញស្លាប់អណ្តែតទឹកក្នុងស្រះ ខាងក្រោយផ្ទះរបស់នាង នៅភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ និងបានរាយការណ៍ជូនសមត្ថកិច្ច នៅវេលាម៉ោង ៧និង០០នាទី ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២០ ។

បើតាមការបំភ្លឺរបស់គ្រួសារជនរងគ្រោះ ថាកូនរបស់គាត់មានឈ្មោះ តិល ចាន់នី មានសតិមិនប្រក្រតី ហើយមានរោគស្កន់ប្រកាច់ទៀតផង ។ លុះនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង៦និង២០នាទី ឈ្មោះ តិល ចាន់នី បានចេញបាត់ពីផ្ទះមិនដឹងទៅទីកន្លែងណាទេ។ ស្រាប់តែព្រឹកថ្ងៃទី១៩ ខែតុលា ទើបអ្នកស្រុកបានមកប្រាប់ថា កូនរបស់គាត់លង់ទឹកស្លាប់ ។

លោកវរសេនីយ៍ទោ អ៊ុន ស៊ី អធិការ នៃអធិការដ្ឋាននគរបាលស្រុកកណ្តៀង បានប្រាប់ឲ្យដឹងថា៖ ក្រោយទទួលបានព័ត៌មាន សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុពិនិត្យមើលសាកសព ស្គាល់អត្តសញ្ញាណជនរងគ្រោះមានឈ្មោះ តិល ចាន់នី ភេទប្រុស អាយុ ២០ឆ្នាំ មានទីលំនៅភូមិផ្ទះព្រីង ឃុំកោះជុំ ស្រុកកណ្តៀង ខេត្តពោធិ៍សាត់ ។ លោកអធិការបានបន្ត តាមការស្តាប់ការបំភ្លឺរបស់ក្រុមគ្រួសារជនរងគ្រោះ និងអ្នកស្រុក ព្រមទាំងការពិនិត្យ និងកោសល្យវិច័យ នៅលើខ្លួនសាកសពមិនមានស្នាកស្នាមគួរឲ្យសង្ស័យ សមត្ថកិច្ចបានសន្និដ្ឋានថា ឈ្មោះ តិល ចាន់នី ដែលស្លាប់ គឺបណ្តាលមកពីកើតជម្ងឺស្កន់ប្រកាច់ធ្លាក់ទឹកស្រះលង់ស្លាប់ ។ ចំពោះសាកសពសមត្ថកិច្ចបានប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់