ព័ត៌មានជាតិ

សង្ស័យតៃកុងងោក បើករថយន្តឡើងខឿនសួនច្បារចែកទ្រូងផ្លូវ បុកបង្គោលប៉ាណូ បណ្តាលឲ្យគាបជាប់អ្នកបើកបរក្នុងកាប៊ីន

ភ្នំពេញៈ បង្កឲ្យមានការភ្ញាក់ផ្អើលកាលពីយប់ថ្ងៃអង្គារ ទី២០ ខែតុលា ឆ្នាំ២០២០ បុរសម្នាក់បើករថយន្តហ៊ីយ៉ាន់ដាយធុនធំមួយគ្រឿង សង្ស័យងោកមួយភាំងបើកឡើងសួនច្បារចែកទ្រូងផ្លូវ ទៅបុកបង្គោល ប៉ាន់ណូមួយដើម បាក់រាបដល់ដី រីឯតៃកុងគាបជាប់នៅក្នុងកាប៊ីនរងរបួសធ្ងន់ នៅចំណុចស្តុប៩២ តាមបណ្តោយផ្លូវភ្នំពេញហាណូយកែងនឹងផ្លូវ៩២ ក្នុងសង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។

មុនកើតហេតុគេឃើញបុរសម្នាក់ បើករថយន្តធុនធំមួយគ្រឿង ម៉ាកហ៊ីយ៉ាន់ដាយ ក្បាលពណ៌សលាយបៃតង ពាក់ផ្លាកលេខ ភ្នំពេញ 3A.1656 ធ្វើដំណើរតាមបណ្ដោយផ្លូវភ្នំពេញហាណូយ ទិសដៅពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើ ក៏មានរថយន្តជាច្រើនគ្រឿងឈប់បន្ត កន្ទុយគ្នានៅនឹងស្តុប ខណៈនោះសង្ស័យងោកមួយភាំង រ៉េចង្កូតឡើងលើសួនច្បារចែកទ្រូងផ្លូវរ ទៅបុកបង្គោលប៉ាន់ណូ ផ្សាយពាណិជ្ជកម្ម បណ្ដាលឲ្យដែកបង្គោល ប៉ាន់ណូ ផ្ទប់ជាប់ជាមួយកាប៊ីនរថយន្ត តៃកុងគាបជាប់ជើងរើមិនរួចស្លេកមុខ បែកញើស ជោកពេញខ្លួន។

ខណៈនោះបងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរនៅតាមដងផ្លូវ ក៏ដូចជានៅក្បែរកន្លែងកើតហេតុ និងសមត្ថកិច្ចមូលដ្ឋាន និងជំនាញបាននាំគ្នា យកដៃជួយគាស់ ដើម្បីជួយសង្គ្រោះតៃកុងដែលគាបជាប់ តែគាស់មិនបាន ។ ពេលនោះមានរថយន្តស្ទូចមួយគ្រឿង ដែលបានឆ្លងកាត់នៅកន្លែងកើតហេតុ ត្រូវបានសមត្ថកិច្ចហៅមកឲ្យជួយស្ទូច យកខ្សែកាបថ្ពក់ជាប់នឹងកាប៊ីនទាញ ទើបអាចយក តៃកុងចេញពីរថយន្តបាន រួចបញ្ជូនតាមរថយន្តសង្គ្រោះបន្ទាន់ ទៅសង្គ្រោះនៅឯមន្ទីរពេទ្យភ្លាមៗ ៕

មតិយោបល់