ព័ត៌មានជាតិ

ជនសង្ស័យម្នាក់ ត្រូវកម្លាំងនគរបាលឃាត់ខ្លួន ពាក់ព័ន្ធករណីលួចម៉ូតូ

បាត់ដំបង: កាលពីវេលាទៀបភ្លឺថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ម៉ូតូស៊េរីថ្មីផលិតនៅឆ្នាំ២០២០ មួយគ្រឿង ដែលម្ចាស់ទុកចោលមុខបន្ទប់ជួល ដោយមិនខ្វល់ពីរឿងបាត់បង់ ត្រូវបានជនល្មើសលួចយកទៅបាត់ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ នៅបាត់ដំបង ។

ជនរងគ្រោះឈ្មោះលាប ចាន់ថា ភេទប្រុស អាយុ៣២ឆ្នាំ រស់នៅភូមិទួលតាឯក សង្កាត់ ទួលតាឯក ក្រុងបាត់ដំបង ខេត្តបាត់ដំបង បានរៀបរាប់ក្នុងពាក្យបណ្តឹងថា នាវេលាយប់ថ្ងៃទី២០ ខែតុ លា ឆ្នាំ២០២០ វេលាម៉ោង៣និង៣០នាទីទៀបភ្លឺឈានចូលថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ ខ្លួនជិះម៉ូតូស៊េរីថ្មីឆ្នាំ២០២០ ប្រភេទសង់ C125 មកទុកនៅខាងមុខបន្ទប់ជួលហើយខ្លួនចូលទៅសម្រាកក្នុងបន្ទប់បាត់ទៅ លុះភ្ញាក់ឡើងក៏បាត់ម៉ូតូនោះពីមុខ បន្ទប់ជួលទើបខ្លួនទៅប្តឹងសមត្ថកិច្ចឱ្យស្រាវជ្រាវ រកម៉ូតូមកឱ្យខ្លួនវិញ ។ ម៉ូតូម៉ាកសង់​ C125 ស៊េរីឆ្នាំ២០២០ ពណ៌ខ្មៅ មានលេខតួនិងលេខម៉ាស៊ីន 5611286 មានផ្លាក លេខ 1AI 5653 បាត់ដំបង។

ក្រោយទទួលព័ត៌មានពីករណីនេះ និងអនុវត្តតាមបទបញ្ជារបស់លោកឧត្តមសេនីយ៍ត្រី សាត គឹម សាន ស្នងការនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា ស្នងការរងផែនការងារនគរបាលព្រហ្មទ័ណ្ឌ បានដឹកនាំធ្វើការស្រាវជ្រាវ ដោយមានកម្លាំងការិយាល័យ នគរបាលព្រហ្មទ័ណ្ឌកម្រិតធ្ងន់ សហការជាមួយកម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលក្រុងបាត់ដំបង ធ្វើការស្រាវជ្រាវ រហូតឈានទៅ វែកមុខជនសង័្សយដែលជាជនដៃដល់ក្នុង ករណីនេះនៅថ្ងៃទី ២១ ខែតុលា ឆ្នាំ២០២០ ដដែលនោះ។

ជនសង័្សយឈ្មោះ ជា ម៉ៅ ភេទប្រុស អាយុ៤៩ឆ្នាំ មានទីលំនៅ និងមុខរបរមិនប្រាកដ ព្រមទាំងដកហូត បានម៉ូតូមួយគ្រឿងរបស់ជនរងគ្រោះនោះមកវិញ។
នៅចំពោះសមត្ថកិច្ចជនដៃដល់បានឆ្លើយសារភាពដោយខ្លីថា ព្រោះតែម្ចាស់ម៉ូតូទុកម៉ូតូថ្មីនេះប្រហែសពេក ទើបគាត់សម្រេចចិត្តលួចយកម៉ូតូនេះ តែម្តងទៅ។

លោកវរសេនីយ៍ឯក លឹម ពុទ្ធីឡា បានអំពាវនាវដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន សូមមេត្តាប្រុង ប្រយ័ត្នដោយខ្លួនឯងផង ចំពោះទ្រព្យសម្បត្តិមាន តម្លៃបែបនេះ ព្រោះថាបើពឹងលើសមត្ថកិច្ច តែម៉្យាង ហើយម្ចាស់ទ្រព្យធ្វេសប្រហែសបែប នេះពិតជាហានិភ័យខ្លាំងណាស់។

នៅពេលនេះសមត្ថកិច្ចបានរៀបចំសំណុំរឿងបញ្ជូនជនសង័្សយទៅកាន់អយ្យការអម សាលាដំបូងខេត្តបាត់ដំបង ចាត់ការតាមផ្លូវច្បាប់ រីឯម៉ូតូបានប្រគល់ជូនម្ចាស់វិញហើយ៕

មតិយោបល់