ព័ត៌មានជាតិ

លោកមេប៉ុស្តិ៍ឃុំបិតត្រាំង ស្រុកព្រៃនប់ លើសលួសពាក្យសម្ដីជាមួយពលរដ្ឋ ដឹងរឿងការពិតហើយ

ព្រះសីហនុៈ យោងតាមផេកផ្សព្វផ្សាយអប់រំ ស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុបានឲ្យដឹងថា ថ្ងៃច័ន្ទ ១០កើត ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ គ្រាន់តែឃើញគណនេយ្យហ្វេសប៊ុកខាងលើបង្ហោះភ្លាមនោះ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តបានដាក់បទបញ្ជាឲ្យលោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ចុះទៅស្រាវជ្រាវជាបន្ទាន់ ដោយជាលទ្ធផលបានឲ្យដឹងថា នៅយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង ៨និង០៧នាទីឈ្មោះ ទឹម ចំរ៉ុង ភេទប្រុស អាយុ ៣៧ឆ្នាំ មុខរបរបើកបរ បានទូរស័ព្ទមកឈ្មោះ តាន់ ពិសិដ្ឋ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំបិតត្រាំង ដោយស្តាប់ទូរស័ព្ទមានការភ័ន្តច្រឡំគ្នាធ្វើឲ្យមានការលើសលួសសម្តីរវាង ឈ្មោះ តាន់ ពិសិដ្ឋ និង ឈ្មោះ ទឹម ចំរ៉ុង ក៏មានការប្រតាយប្រតប់គ្នារហូតមានកម្លាំងប្រជាការពារចំនួន ០៤នាក់ ចូលមកឃាត់ និងបានវាយទៅលើឈ្មោះ ទឹម ចំរ៉ុង បណ្តាលឲ្យរងរបួសតែម្តង។

នៅព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ នេះ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំរាម នៅចំពោះមុខលោកវរសេនីយ៍ឯក ហួរ យ៉ៃ អធិការនគរបាលស្រុកព្រៃនប់ភាគីទាំងសងខាងបានធ្វើការសម្របសម្រួលគ្នា ដោយឲ្យខាងភាគីលោក តាន់ ពិសិដ្ឋ ធ្វើការសុំទោសទៅកាន់លោក ទឹម ចំរ៉ុង ដែលរងបួស ហើយក៏បានធ្វើកិច្ចព្រមព្រៀងបញ្ចប់ជម្លោះ ហើយភាគីទាំងពីរសន្យាថានិងមិនប្តឹងផ្តល់ និងស្នើរសុំឲ្យប្រធានអង្គភាពធ្វើការអប់រំណែនាំ កងកម្លាំងដែលបានប្រព្រឹត្តខុសឆ្គង ទៅតាមវិន័យកងកម្លាំង ហើយមិនមានប្តឹងផ្តល់បន្ត ចំពោះភាគីបង្កបន្តទៅតាមផ្លូវច្បាប់ទៀតឡើយ៕

មតិយោបល់