ព័ត៌មានជាតិ

មន្ត្រីសាខាកាំកុងត្រូលចុះពិនិត្យ​គុណភាពម្ហូបអាហារក្នុងផ្សាររលួស

បន្ទាយមានជ័យ: ដោយយោងតាមការណែនាំរបស់អគ្គនាយកនៃអគ្គនាយកដ្ឋានកាំកុងត្រូលនៅព្រឹកថ្ងៃទី២០ ធ្នូ ២០១៦នេះ លោក ស៊ាន ស៊ីណាត ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យបានដឹកនាំមន្ត្រីក្រោមឱវាទ សហការជាមួយមន្រ្តីនគរបាលសេដ្ឋកិច្ចខេត្ត ក្រសួង មន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត បានចុះធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់ផ្តើមចេញពីការប្រើប្រាស់ចំណីអាហារដែលគ្មានគុណភាពនឹងហួសសុពលភាពប្រើប្រាស់ ក្នុងផ្សាររលួស ទីរួមស្រុកស្វាយចេក។

ប្រធានសាខាកាំកុងត្រូលខេត្តបន្ទាយមានជ័យ លោក ស៊ាន ស៊ីណាត បានឲ្យ​ដឹងថាបច្ចុប្បន្នប្រជាពលរដ្ឋមានការយល់ដឹងច្រើន ជុំវិញការដាក់តាំងលក់ផលិតផល ការប្រើប្រាស់ម្ហូបអាហារដែលគ្មានស្តង់ដារ និងហួសកាលបរិច្ឆេទប្រើប្រាស់ ខណ:ដែលមន្ត្រីរបស់លោក និងជំនាញពាក់ពន្ធ័តែងតែចុះជាប្រចាំទៅតាមបញ្ជរតាំងលក់នឹងផ្សារនានា។ ដោយ​ឡែកថ្ងៃនេះ ក្នុងផ្សាររលួសកម្លាំងជំនាញបានបិទផ្សាយជាសាធារណ:នូវស្ទិកឃ័រផលិតផលសំបកវេចខ្ចប់ដែលខូចគុណភាពហាមយកទទួលទានផងដែរ។

សមត្ថកិច្ចជំនាញបានធ្វើការពិសោធន៍ទៅត្រី សាច់ បន្លែ ដែលដាក់តាំងលក់ដើម្បីរកសារធាតុគីមីហាមឃាត់។ តែ​ទោះជាបងប្អូនអាជីវករខ្លះមានការយល់ដឹងច្រើនមែនក៏នៅមានគ្រឿងឧបភោគបរិភោគខ្លះទៀតបានហួស និងខូចគុណភាព ហើយត្រូវសមត្ថកិច្ចដកហូតយកមករក្សាទុករង់ចាំថ្ងៃកម្ទេចចោល ក្នុងនោះក៏បានធ្វើកិច្ចសន្យាជាមួយអាជីវករឲ្យ​បញ្ឈប់ការតាំងលក់ទំនិញ ផលិតផលដែលហួស​ និងខួចគុណភាពតទៅទៀតហើយក្នុងករណីមិនរាងចាលនិងអនុវត្តទៅតាមផ្លូវច្បាប់៕

មតិយោបល់