ព័ត៌មានជាតិ

ជនសង្ស័យ១ក្រុម បន្លំលួចកាបូបលុយ ជិត៤,០០០ដុល្លារ នៅតូបលក់គ្រឿងក្រអូប និងប្ដូរប្រាក់មួយកន្លែង​

ភ្នំពេញ: ជនសង្ស័យ១ក្រុមមានគ្នា៣ទៅ៤នាក់ បានចូលទៅបន្លំលួចយកកាបូបលុយ នៅកន្លែងលក់គ្រឿងក្រអូប និងប្ដូរប្រាក់មួយកន្លែង បានសម្រេច ដែលនៅក្នុងកាបូបមានលុយដុល្លារ​ និងលុយខ្មែរផងសរុបប្រហែល ៤,០០០ដុល្លាររួចបានគេចខ្លួនបាត់អស់។

ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង៨និង៤៥នាទីព្រឹកថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ នៅចំណុចផ្ទះលក់គ្រឿងក្រអូប និងប្ដូរប្រាក់ និងភេសជ្ជៈមួយកន្លែង ក្នុងភូមិជ្រៃព្រៃល្វា សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ ។

ស្រ្តីម្ចាស់ផ្ទះមិនទាន់ស្គាល់ឈ្មោះទេ ចំណែកជនសង្ស័យមានគ្នាពី៣ទៅ៤នាក់ហើយអ្នកយកកាបូប គឺជាបុរសម្នាក់ ហើយក្រោយលួចយកបានមានបុរសម្នាក់ទៀត ជាអ្នកជិះម៉ូតូម៉ាក ហុងដាឌ្រីម សេ១២៥ ពណ៌ខ្មៅ១គ្រឿងទៅដឹកចេញគេចខ្លួនបាត់ស្រមោល។

តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថានៅមុនពេលកើតហេតុ ក្រុមជនសង្ស័យបាននាំគ្នាចូលទៅកាន់តូបលក់ដូរខាងលើ ហើយអ្នកខ្លះធ្វើជារកទិញនេះ និងខ្លះទៀតធ្វើជារកទិញនោះ ។ ហើយខណៈពេលដែលម្ចាស់តូប ជាប់រវល់តែយករបស់របរលក់ឲ្យ ជនសង្ស័យម្នាក់ជាបុរសបានចូលទៅលួចយកកាបូបដែលក្នុ ​​​​ងនោះ មានលុយដុល្លារ និងលុយខ្មែរផង សរុបប្រហែល ៤,០០០ដុល្លារ រួចបានយួរដើរចេញក្រៅ ។ បន្ទាប់មកមានបក្ខពួកម្នាក់ជិះម៉ូតូម៉ាកហុងដាឌ្រីមសេ១២៥ ពណ៌ខ្មៅ១គ្រឿងទៅដឹកចេញគេចខ្លួនបាត់ស្រមោល។

ក្រោយពេលកើតហេតុនគរបាលប៉ុស្តិ៍ចោមចៅទី២ បានចុះទៅកាន់ចំណុចខាងលើ និងបាននាំជនរងគ្រោះ ទៅកាន់ប៉ុស្តិ៍ ដើម្បីដាក់ពាក្យបណ្ដឹង និងស្រាវជ្រាវរកក្រុមជនសង្ស័យទាំងនោះ៕

មតិយោបល់