ភ្នំពេញៈ ករណីអំពើលួចមានស្ថានទម្ងន់ទោសឆក់យកទូរស័ព្ទដៃ (កាលពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ ម៉ោង២និង០០នាទី) ជនរងគ្រោះឈ្មោះ ចាប សុខនី ភេទប្រុស អាយុ ៣២ឆ្នាំ មុខរបរ លាងរថយន្ត ស្នាក់នៅភូមិកំបូល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សន រ៉ាដា ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរ មិនពិតប្រាកដ ស្នាក់នៅបន្ទប់ជួល ភូមិថ្មគោល សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ (ឃាត់ខ្លួនគ្មានសារធាតុញៀន)
ដំណើររឿង៖ មុនពេលកើតហេតុឪពុកក្មេងរងគ្រោះឈ្មោះ ចាប់ សុខនី បានឲ្យកូនប្រុសអាយុ ៤ឆ្នាំ កាន់ទូរស័ព្ទលេងនៅមុខកន្លែងលក់អីវ៉ាន់ចាប់ហួយ មួយសន្ទុះក្រោយមកក៏ឃើញជនសង្ស័យឈ្មោះ សន រ៉ាដា ជិះម៉ូតូ ម៉ាកឡេត ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1AC-6304 មកដល់ឈប់ចូលទិញទឹកសុទ្ធរួចក៏ជិះម៉ូតូទៅទិសខាងជើង បានចម្ងាយប្រហែល ១០០ម៉ែត្រ ក៏ជិះម៉ូតូត្រឡប់មកវិញ រួចឈប់ម៉ូតូដើរទៅឆក់យកទូរស័ព្ទពីដៃក្មេងប្រុសរងគ្រោះនោះបានសម្រេច រត់ឡើងជិះម៉ូតូវិញ បណ្ដាលឲ្យក្មេងប្រុសរងគ្រោះស្រែកយំ ភ្លាមនោះ ម្ដាយក្មេងប្រុសរងគ្រោះឃើញស្រែកថា”ចោរៗ” ឪពុកក្មេងប្រុសរងគ្រោះនៅក្បែរនោះបានជិះម៉ូតូដេញតាមជនសង្ស័យ រហូតដល់ចំណុចមុខសាលាសង្កាត់កំបូល ជនសង្ស័យបានជ្រុលចង្កូតម៉ូតូទៅបុករថយន្តមួយគ្រឿងដែលកំពុងធ្វើដំណើរតាមផ្លូវបណ្ដាលឲ្យដួល ក៏ត្រូវប្រជាពលរដ្ឋចាប់ជនសង្ស័យបាន ស្របពេលកម្លាំងសមត្ថកិច្ចល្បាតមកដល់ក៏ឃាត់ខ្លួនជនសង្ស័យ រួមទាំងវត្ថុតាងម៉ូតូជិះធ្វើសកម្មភាព នាំយកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលកំបូល ចំណែកទូរស័ព្ទដែលឆក់បានពីក្មេងប្រុសរងគ្រោះ បានជ្រុះបាត់ នៅពេលជនសង្ស័យជ្រុលចង្កូតទៅបុករថយន្តមួយគ្រឿងដែលធ្វើដំណើរតាមផ្លូវ។
បច្ចុប្បន្នកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌកំបូល បានកសាងសំណុំរឿងបញ្ជូនជនសង្ស័យទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់