សៀមរាបៈ នៅវេលាម៉ោង១និង៩នាទីថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០២០ មានករណីអំពើឃាតកម្ម ឪពុកចុងយកកាំបិតប៉័ងតោ អារកកូនប្រុសម្នាក់ បណ្តាលឲ្យស្លាប់ ស្ថិតនៅក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប។
សាកសពក្មេងប្រុសរងគ្រោះមានអាយុ០៣ឆ្នាំ រស់នៅបន្ទប់ផ្ទះជួលកន្លែងកើតហេតុ ។ ចំណែកជនសង្ស័យត្រូវជាឪពុកចុងឈ្មោះ ខឿន វីឡា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរកម្មករសំណង់ ស្រុកកំណើតនៅភូមិជ្រៃធំ ឃុំជ្រៃធំ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានយកកាំបិតប៉័ងតោ អារកកូន បណ្តាលឲ្យស្លាប់ ខណៈពេលបញ្ជូនទៅកាន់មន្ទីរពេទ្យ។
ករណីខាងលើនេះ បើតាមការឲ្យដឹង ពីម្តាយក្មេងរងគ្រោះ ពេលកំពុងបោកខោអាវ ស្រាប់តែឮសំឡេងកូនស្រែក គាត់ស្ទុះមកមើលឃើញប្តីកាន់កាំបិតអារក កូនដែលដេកផ្កាប់មុខនៅលើគ្រែ ហើយស្រែកឲ្យគេជួយ និងយកកូនទៅពេទ្យ រីឯជនសង្ស័យបានរត់គេចខ្លួន ប៉ុន្តែត្រូវសមត្ថកិច្ចចាប់ខ្លួនបាន ហើយធ្វើតេស្តរកសារធាតុញៀនគឺវិជ្ជមាន។
ជនសង្ស័យខាងលើ ត្រូវសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕
មតិយោបល់