ព័ត៌មានជាតិ

ម្នាក់ក្នុងចំណោមគ្នា២នាក់ត្រូវកម្លាំងសមត្ថកិច្ចខណ្ឌកំបូលនិងខណ្ឌពោធិ៍សែនជ័យឃាត់ខ្លួនបន្ទាប់ពីប្លន់យកទូរសព្ទដៃម៉ាកiPhonex

ភ្នំពេញៈ យោងតាមផេករបស់អគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា ករណីជនសង្ស័យ០២នាក់ជិះម៉ូតូកៀរជនរងគ្រោះបណ្តាលឱ្យដួលម៉ូតូហើយប្លន់យកទូរសព្ទដៃម៉ាកiPhonex នៅខណ្ឌកំបូលរាជធានីភ្នំពេញត្រូវបានកម្លាំងនគរបាលខណ្ឌកំបូលសហការគ្នាជាមួយនគរបាលខណ្ឌពោធិ៍សែនជ័យបង្ក្រាបចាប់ខ្លួនបាន០១នាក់ចំណែកបក្ខពួក០១នាក់ទៀតគេចខ្លួនរួច។
យោងតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលខណ្ឌកំបូលឱ្យដឹងថាកាលពីរសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២០ ជនរងគ្រោះ០១នាក់មានឈ្មោះឯមតុងហ៊ុយភេទប្រុសអាយុ២៦ឆ្នាំរស់នៅភូមិស៊ីធរកើតឃុំស៊ីធរស្រុកខ្សាច់កណ្តាលខេត្តកណ្តាលបានជិះម៉ូតូតែម្នាក់ឯងចេញពីបុរីKPទី១៤ស្ថិតនៅភូមិព្រៃរឹងសង្កាត់ស្នោរខណ្ឌកំបូលក្នុងគោលបំណងទៅកន្លែងធ្វើការ។
សមត្ថកិច្ចបន្តថាលុះជនរងគ្រោះធ្វើដំណើរតាមផ្លូវលំដល់ចំណុចភូមិតាអ៊ិនសង្កាត់ស្នោរខណ្ឌកំបូលហើយក៏មានគេតេទូរសព្ទចូលមក។ជនរងគ្រោះក៏បានលើកទូរសព្ទនិយាយស្រាប់តែនៅពេលនោះក៏មានជនសង្ស័យ០២នាក់ជិះម៉ូតូ០១គ្រឿងទិសដៅបញ្ច្រាសទិសគ្នាក៏បានបើកកៀរជនរងគ្រោះបណ្តាលឱ្យដួលម៉ូតូខ្ទាតទូរស័ព្ទចេញពីដៃ។ជនសង្ស័យក៏បានស្ទុះទៅចាប់ក្របួចក៏អាវជនរងគ្រោះ។ពួកវាក៏បានយកទូរសព្ទជនរងគ្រោះជិះម៉ូតូគេចខ្លួនបាត់។
ក្រោយពីអំពើប្លន់នោះភ្លាមជនរងគ្រោះក៏បានមកដាក់ពាក្យបន្តឹងនៅកន្លែងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្នោរហើយកម្លាំងនគរបាលខណ្ឌកំបូលក៏បានចេញសហការជាមួយកម្លាំងនគរបាលខណ្ឌពោធិ៍សែនជ័យនិងបង្ក្រាបចាប់ខ្លួនជនសង្ស័យ០១នាក់នៅទឹកដីខណ្ឌពោធិ៍សែនជ័យមានឈ្មោះសានចំរើនភេទប្រុសអាយុ១៨ឆ្នាំគ្មានមុខរបរពិតប្រាកដមុខសញ្ញាប្រើប្រាស់គ្រឿងញៀនរស់នៅភូមិព្រៃក្រោយសង្កាត់ស្នោរខណ្ឌកំបូលចំណែកបក្ខពួកជនសង្ស័យ០១នាក់ទៀតរត់គេចខ្លួន។
ជាមួយការបង្ក្រាបជនសង្ស័យកម្លាំងនគរបាលក៏បានដកហូតយកទូរសព្ទជនរងគ្រោះមកវិញនិងប្រគល់ទៅឱ្យជនរងគ្រោះវិញ។
ជនសង្ស័យ០១នាក់នោះនៅថ្ងៃទី១៧ខែវិច្ឆិកាត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌខណ្ឌកំបូលចាប់បញ្ជូនទៅតុលាការចាត់ការតាមផ្លូវច្បាប់ដោយរងការចោទប្រកាន់លួចមានស្ថានទម្ងន់ទោស៕

 

មតិយោបល់