ព័ត៌មានជាតិ

សង្វៀនមាន់មួយកន្លែងនៅខេត្តកំពង់ចាមត្រូវសមត្ថកិច្ចចុះបង្រ្កាបនិង ឃាត់ខ្លួនមនុស្ស ៩នាក់

កំពង់ចាម: យោងតាមផេករបស់អគ្គស្នការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ វេលាម៉ោង១១និង៣០នាទី បន្ទាប់ពីទទួលបានព័ត៌មានពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ ដឹកនាំដោយលោកវរសេនីយ៍ឯក ថាញ់ សុខវុន នាយការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលស្រុកព្រៃឈរ និងអាជ្ញាធរមូលដ្ឋាន ដោយក្នុងកិច្ចប្រតិបត្តិការក្រោមការដឹកនាំសម្របសម្រួលបញ្ជាផ្ទាល់ពីលោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម ចុះបង្ក្រាបករណី បើក និងលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ដាក់ប្រាក់)នៅចំណុចភូមិប្រាសាទ ឃុំតុងរ៉ុង ស្រុកព្រៃឈរ ខេត្តកំពង់ចាម។
ជាលទ្ធផលសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០៩នាក់ និងដកហូតវត្ថុតាងរួមមាន៖ ១-ទូរស័ទ្ទដៃចំនួន០៤គ្រឿង, ២-ម៉ូតូចំនួន០៦គ្រឿង, ៣-ស្កុតរំជើងមាន់ប្រើរួច០៣គូរ, ៤-ប្រាក់រៀលចំនួន១០០,០០០រៀល, ៥-ប្រាក់ដុល្លារចំនួន ១០០ដុល្លារ។
បច្ចុប្បន្នជនសង្ស័យ រួមនឹងវត្ថុតាងខាងលើត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីសាកសួរ និងកសាងសំណុំរឿងតាមនីតិវិធី តាមបញ្ជារបស់លោក សុធា ពិសិដ្ឋ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងខេត្តកំពង់ចាម៕

 

មតិយោបល់