ព័ត៌មានជាតិ

ទឹកក្រូច ទឹកដោះគោឆៅនិងទំនិញហួសកាលបរិច្ឆេទជាច្រើនមុខទៀតសរុប៨១.១៧លីត្រ និង ០.៥៥ គីឡូក្រាម ត្រូវបាន រកឃើញ និងដកហូត

កំពត-កែប​: យោងតាមផេករបស់ អគ្គ.ការពារអ្នកប្រើប្រាស់ កិច្ចការប្រគួតប្រជែង និងបង្រ្កាបការក្លែងបន្លំCCF បានឲ្យដឹងថា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ មន្រ្តីសាខា ក.ប.ប ខេត្តកំពត-កែប ដោយមានការសហការពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងគណកម្មការផ្សារ បានចុះត្រួតពិនិត្យផលិតផលទំនិញ និងម្ហូបអាហារ នៅផ្សារត្រពាំងរពៅ ស្ថិតក្នុងភូមិត្រពាំងរពៅ ឃុំព្រែកត្នោត ស្រុកទឹកឈូ ខេត្តកំពត។

ក្នុងសកម្មភាពនេះ មន្ត្រីជំនាញបានធ្វើការត្រួតពិនិត្យរកភាពមិនអនុលោមនៅលើសម្បកវេចខ្ចប់ផលិតផល។ គោលដៅសំខាន់នៃការត្រួតពិនិត្យគឺដើម្បីស្រាវជ្រាវទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់។

ជាលទ្ធផលមន្ត្រីជំនាញបានរកឃើញទំនិញហួសកាលបរិច្ឆេទប្រើប្រាស់រូមមាន៖
-ទឹកក្រូចចម្រុះ ចំនួន ១៧៨កំប៉ុង ស្មើនឹង ៧៧.៥លីត្រ
-ទឹកដោះគោឆៅ ចំនួន ១៣កំប៉ុង ស្មើនឹង ១.៨២លីត្រ
-ទឹកផ្លែឈើ ចំនូន ០៥កំប៉ុង ស្មើនឹង ១,៨៥លីត្រ
-នំ ចំនួន ០៥ កំប៉ុង ស្មើនឹង ០.៥៥គីឡូក្រាម
សរុបទំនិញដកបានសរុបចំនួន ៨១.១៧លីត្រ និង ០.៥៥ គីឡូក្រាម។

បន្ទាប់ពីត្រួតពិនិត្យរួចរាល់មន្ត្រីសាខាបានធ្វើកំណត់ហេតុដកហូត និងបានឱ្យតំណាងម្ចាស់ទំនិញខាងលើធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញហួសកាលបរិច្ឆេទប្រើប្រាស់បន្តទៀត។ ទន្ទឹមនឹងនោះមន្ត្រីជំនាញក៏បានធ្វើការណែនាំដល់អាជីវករផ្សេងទៀត ឱ្យយល់ដឹង និងអនុវត្តទៅតាមច្បាប់ស្តីពីការគ្រប់គ្រងគុណភាព សុវត្ថិភាព លើផលិតផល ទំនិញ និងសេវា ព្រមទាំងច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ ជៀសវាងបង្កផលប៉ះពាល់ដល់សុខភាពប្រជាពលរដ្ឋ និងអាចប្រឈមចំពោះមុខច្បាប់ថែមទៀត៕

 

មតិយោបល់